
អន្តរជាតិ៖ លោក Stéphane Dujarric អ្នកនាំពាក្យរបស់លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនៅថ្ងៃទី៥ ខែឧសភា ថា អង្គការសហប្រជាជាតិ សូមស្វាគមន៍ចំពោះការដែលប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានប្រកាសបទឈប់បាញ់ដោយឯកតោភាគីដោយឡែកពីគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Dujarric បាននិយាយថា លោក Guterres រំពឹងថាការឈប់បាញ់នឹងត្រូវបានអនុវត្ត ហើយក៏សូមអំពាវនាវម្តងទៀត ឱ្យមានការឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយភ្លាមៗ គ្មានលក្ខខណ្ឌ និងជាអចិន្រ្តៃយ៍ ដើម្បីឈានដល់សន្តិភាពដែលប្រកបដោយភាពយុត្តិធម៌ គ្រប់ជ្រុងជ្រោយ និងចីរភាព ដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃទី៤ ខែឧសភា ថា លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចចិត្តអនុវត្តបទឈប់បាញ់នៅទិវាជ័យជម្នះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកពីជ័យជម្នះរបស់ប្រជាជនសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

នៅយប់ថ្ងៃដដែលនោះ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយប្រកាសថា អ៊ុយក្រែនបានសម្រេចចិត្តឈប់បាញ់ដោយឯកតោភាគី ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៦ ខែឧសភា៕
ប្រភព៖ (CCFR)
