វិបត្តិថាមពលគ្របដណ្តប់កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

វិបត្តិថាមពលគ្របដណ្តប់កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

វិបត្តិថាមពល និងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានក្លាយជាប្រធានបទស្នូលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន ចន្លោះថ្ងៃទី ៧-៨ ឧសភា។ បណ្តាប្រទេសសមាជិកអាស៊ាន សម្តែងក្តីបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា មកលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់តំបន់។

កិច្ចប្រជុំកំពូលអាស៊ាន

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចនៃរដ្ឋសមាជិកអាស៊ានទាំង ១១ លើកលែងតែមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងស្បៀងអាហារ សម្រាប់ប្រជាជនជិត ៧០០ លាននាក់ក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងថា៖ «វិបត្តិនៅមជ្ឈិមបូព៌ា និងផលវិបាករបស់វា រួមទាំងការរំខានដល់លំហូរថាមពល ផ្លូវពាណិជ្ជកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាហារ បានរំឭកយើងថា បញ្ហាក្រៅតំបន់អាចមានផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរទៅលើអាស៊ាន»។

អ្នកវិភាគមើលឃើញថា វិបត្តិថាមពលកំពុងក្លាយជាអាទិភាពធំជាងបញ្ហាផ្សេងៗរបស់អាស៊ាន ដូចជា វិបត្តិមីយ៉ាន់ម៉ា និងជម្លោះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ក៏នឹងពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូងដែរ តែអ្នកវិភាគយល់ថា ពិបាកនឹងមានវឌ្ឍនភាពជាដុំកំភួន។

មេដឹកនាំអាស៊ាន

គួរកត់សម្គាល់ថា វិបត្តិផ្គត់ផ្គង់ថាមពលកំពុងប៉ះពាល់គ្រប់ប្រទេសអាស៊ាន និងអាចជំរុញឱ្យប្លុកចាត់វិធានការជាក់ស្តែង លើសពីការថ្លែងការណ៍នយោបាយ។ លើសពីនេះ វិបត្តិនេះកំពុងបង្កើនការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននៅអាស៊ីអាគ្នេយ៍ ដោយចិនត្រូវបានគេមើលឃើញថាជាដៃគូមានស្ថិរភាពជាងក្នុងការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមសម្រាប់តំបន់៕

administrator

Related Articles