គណៈរដ្ឋមន្ត្រីថៃបានអនុម័តកញ្ចប់ប្រាក់កម្ចីគ្រាអាសន្នចំនួន ១២,២ ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះនៅមជ្ឈិមបូព៌ា។ នេះជាផែនការខ្ចីប្រាក់ដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើតាមកាសែត AFP។

កញ្ចប់កម្ចីនេះនឹងប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និងបន្ធូរបន្ថយភាពលំបាកផ្នែកសេដ្ឋកិច្ច ចំពេលអតិផរណាកើនឡើង និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។ ក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចមកត្រឹម ១,៦% ពី ២,៤%។
ក្នុងចំណោមនោះ ប្រាក់កម្ចី ៤០០ ពាន់លានបាត នឹងត្រូវប្រើប្រាស់ចាប់ពីខែមិថុនាដល់ខែកញ្ញា រួមទាំងជំនួយសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបជាង ២០ លាននាក់ ក្រោមគម្រោង «ថៃជួយថៃ» ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានឱ្យដឹងថា កញ្ចប់កម្ចីក៏នឹងយកទៅជំរុញការផ្គត់ផ្គង់ថាមពលពីប្រភពជំនួសផងដែរ ខណៈថៃកំពុងប្រឈមមុខនឹងវិបត្តិថាមពលដោយសារជម្លោះមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានហៅប្រាក់កម្ចីនេះថា «ជាឧបករណ៍មួយដើម្បីជំរុញប្រទេសជាតិទៅមុខ និងទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច»។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងហែងឆ្លងកាត់បញ្ហានេះទាំងអស់គ្នា»។

បើតាម AFP កញ្ចប់កម្ចីនេះគឺធំជាងគេក្នុងប្រវត្តិសាស្រ្តសម័យទំនើប លើកលែងតែអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ និងអំឡុងជំងឺរាតត្បាតកូវីដ-១៩។ បំណុលសាធារណៈមានចំនួន ៦៦,៣៨% នៃ GDP គិតត្រឹមខែមីនា ក្រោមពិដានបំណុល ៧០% នៃ GDP៕
