ទោះបីជាប្រទេសចិនគឺជាទីផ្សារនាំចូលទុរេនធំបំផុតរបស់ថៃក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២៦ នេះ អ្នកនាំចេញទុរេនថៃកំពុងប្រឈមមុខនឹងវិបត្តិទីផ្សារយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរគយចិន (GACC) បានដាក់ចេញវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើសារធាតុគីមី ដែលបណ្តាលឲ្យទុរេនរាប់រយកុងតឺន័រត្រូវបានបដិសេធមិនឲ្យចូលទីផ្សារចិន។

យោងតាមការចេញផ្សាយពីសារព័ត៌មាន Khaosod English មូលហេតុចម្បងដែលបង្កឲ្យមានការផ្អាកនាំចូល និងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង គឺដោយសារការរកឃើញសំណល់នៃសារធាតុពណ៌ Auramine O ដែលបង្កជំងឺមហារីកនៅក្នុងផ្លែទុរេន។
សារធាតុនេះជាថ្នាំជ្រលក់ពណ៌សម្រាប់ឧស្សាហកម្មក្រណាត់ និងក្រដាស ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុបង្កមហារីក។ អាជ្ញាធរចិនបានរកឃើញថា ឈ្មួញមួយចំនួនបានប្រើប្រាស់សារធាតុនេះដើម្បីជ្រលក់សំបកទុរេនឲ្យមានពណ៌លឿងស្អាត ដើម្បីទាក់ទាញអ្នកទិញ។
ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មក ចិនបានតម្រូវឲ្យរាល់ការនាំចូលទុរេនពីថៃត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ពីមន្ទីរពិសោធន៍ថាគ្មានសារធាតុ Auramine O និង Cadmium ជាដាច់ខាត។ ជាវិធានការក្តៅ អាជ្ញាធរថៃបានសម្រេចបិទ និងផ្អាកអាជ្ញាប័ណ្ណអ្នកនាំចេញជាង ២៦ កន្លែង រីឯគយចិនក៏បានបង្កើនការធ្វើតេស្តដោយចៃដន្យលើសពី ៥០% នៃទំនិញសរុប ដែលធ្វើឲ្យការបញ្ចេញទំនិញយឺតយ៉ាវខ្លាំង។
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ រដ្ឋាភិបាលថៃបាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យតាំងពីក្នុងចម្ការ (GAP) រហូតដល់រោងចក្រវេចខ្ចប់ (GMP)។ ទោះបីជាការនាំចេញបានចាប់ផ្តើមកើនឡើងវិញខ្លះ (កើន ៦៧% ក្នុងខែមករា ២០២៦) ក៏ដោយ អាជ្ញាធរនៅតែបន្តដាស់តឿនដល់កសិករ និងឈ្មួញកណ្តាលឲ្យចៀសវាងការនាំចេញទុរេនខ្ចី និងការប្រើសារធាតុគីមីហាមឃាត់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះទុរេនថៃលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណា បញ្ហាគុណភាពនេះបានក្លាយជាឱកាសសម្រាប់ប្រទេសគូប្រជែងដូចជា វៀតណាម និងម៉ាឡេស៊ី។ យោងតាម HSBC Global Research វៀតណាមបានដណ្ដើមចំណែកទីផ្សារពីថៃបានរហូតដល់ ៤០% ក្នុងរយៈពេលត្រឹម ៣ ឆ្នាំប៉ុណ្ណោះ៕
