ខណៈដែលបណ្ដាប្រទេសមហាអំណាចលើពិភពលោកកំពុងប្រជុំគ្នានៅអង្គការសហប្រជាជាតិ ដើម្បីជំរុញការរឹតបន្តឹងអាវុធមហន្តរាយ កូរ៉េខាងជើងបានចេញមុខតបតវិញយ៉ាងខ្លាំងក្លា។ លោក គីម សុង ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានថ្លែងយ៉ាងដាច់អហង្ការថា ប្រទេសរបស់លោកនឹងមិនស្ថិតនៅក្រោមចំណងនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរណាមួយឡើយ ហើយគ្មានសម្ពាធពីខាងក្រៅណាអាចផ្លាស់ប្តូរឋានៈជាមហាអំណាចនុយក្លេអ៊ែររបស់ខ្លួនបានឡើយ។
តាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ លោក គីម សុង បានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្យាយាមរិះគន់កម្មវិធីអាវុធរបស់ខ្លួននៅក្នុងសន្និសីទអង្គការសហប្រជាជាតិ គឺជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើងយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែរត្រូវបានចារទុកក្នុងរដ្ឋធម្មនុញ្ញជាតិទៅហើយ ដូច្នេះវាមិនមែនជារឿងដែលត្រូវមកជជែកតាមចំណង់ចំណូលចិត្តរបស់ប្រទេសដទៃនោះទេ។

គួររំលឹកថា កូរ៉េខាងជើងបានសម្រេចដើរចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តាំងពីឆ្នាំ២០០៣ ហើយចាប់តាំងពីពេលនោះមក ពួកគេបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរអស់ចំនួន ៦ដង បើទោះបីជាត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ។
បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm គិតត្រឹមដើមឆ្នាំ២០២៥ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង៩ក្នុងលោក មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ១២,០០០គ្រាប់ ដោយអាមេរិក និងរុស្ស៊ី កាន់កាប់ជិត ៩០ភាគរយ។
ស្របពេលជាមួយគ្នា បញ្ហានុយក្លេអ៊ែរក៏កំពុងឡើងកម្ដៅនៅមជ្ឈិមបូព៌ាដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងមិនបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ខណៈអ៊ីរ៉ង់នៅតែបដិសេធថាខ្លួនគ្រាន់តែចង់ប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងន័យសន្តិភាពតែប៉ុណ្ណោះ។ ស្ថានការណ៍ជុំវិញអាវុធនុយក្លេអ៊ែរនៅលើសកលលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងពោរពេញដោយការប្រឈមមុខដាក់គ្នាគួរឲ្យបារម្ភ៕
