រដ្ឋចំនួន៣របស់អាមេរិក រួមមាន California, Arizona និង Georgia កំពុងដាក់វិធានការតាមដានយ៉ាងយកចិត្តទុកដាក់រកមេរោគ Hantavirus លើអ្នកដែលធ្លាប់ជិះនាវាទេសចរណ៍ MV Hondius ក្រោយមានការព្រួយបារម្ភពីហានិភ័យឆ្លងរាលដាល។

តាមការជូនដំណឹងពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ រដ្ឋ California កំពុងពិនិត្យលើករណីនេះ ប៉ុន្តែមិនបញ្ជាក់ចំនួនអ្នកតាមដានឡើយ ខណៈ Arizona តាមដានបុគ្គលម្នាក់ និង Georgia កំពុងតាមដានមនុស្ស ២នាក់ ដែលទើបវិលត្រឡប់ពីដំណើរកម្សាន្តនៅលើនាវានេះ។
ទោះជាយ៉ាងណា CDC បញ្ជាក់ថា អ្នកទាំងពីរមិនទាន់បង្ហាញរោគសញ្ញាអ្វីនៅឡើយទេ។

ស្របពេលគ្នានេះ នៅចក្រភពអង់គ្លេស មនុស្ស ២នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់។ ពួកគេធ្លាប់ជិះនាវា MV Hondius ហើយបានចុះមកវិញ មុនពេលមានរបាយការណ៍អំពីការផ្ទុះ Hantavirus លើនាវានោះ។
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកឆ្លង Hantavirus នៅលើនាវា MV Hondius បានកើនដល់ ៥ ករណី ហើយ ដែលត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ រួមទាំងអ្នកដំណើរ ២នាក់ ដែលត្រូវបានជម្លៀសចេញផងដែរ៕
