ក្តីសង្ឃឹមបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាត្រូវរលាយបាត់ ខណៈសហរដ្ឋអាមេរិកបានបើកការវាយលើទីតាំងជាច្រើនទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងនៅច្រកសមុទ្រ Hormuz ផងដែរ ក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាជាការវាយបកចំពោះទីក្រុងតេហេរ៉ង់ដែលកំណត់គោលដៅលើនាវាចម្បាំងរបស់ខ្លួន។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ក៏អះអាងដែរថា ពិតជាមានការផ្ទុះនៅទីក្រុងមួយចំនួនមែន ដូចជា តេហេរ៉ង់, Qeshm និង Bandar Abbas ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា រំលោភបទឈប់បាញ់។
តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦, ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ពីការវាយប្រហារនេះ ដោយចេញសេចក្តីថ្លែងការណ៍ថា៖ កងកម្លាំងអាមេរិកបានស្ទាក់ចាប់ការវាយប្រហារបង្កហេតុពីសំណាក់អ៊ីរ៉ង់ និងបានវាយបកវិញជាការការពារខ្លួន។ កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីល បង្ហោះដ្រូន និងបញ្ជូនទូកតូចៗជាច្រើន ក្នុងពេលដែលនាវា USS Truxtun (DDG 103), USS Rafael Peralta (DDG 115) និង USS Mason (DDG 87) កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលនោះបន្តថា៖ ជាលទ្ធផល CENTCOM បានវាយប្រហារចំគោលដៅលើទីតាំងយោធាអ៊ីរ៉ង់ដែលទទួលខុសត្រូវលើការវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិក រួមមាន៖ ទីតាំងបាញ់បង្ហោះមីស៊ីល និងដ្រូន, មជ្ឈមណ្ឌលបញ្ជាការ និងគ្រប់គ្រង និងបណ្តាញសម្ងាត់ ការឃ្លាំមើល និងការស៊ើបការណ៍។
ការវាយប្រហារថ្មីនេះកើតឡើងស្របពេលពិភពលោកកំពុងតែមានក្តីសង្ឃឹមខ្ពស់ចំពោះការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់បញ្ជាក់ថា ខ្លួននឹងឆ្លើយតបសំណើសន្តិភាព ១៤ចំណុចរបស់អាមេរិកនៅថ្ងៃសុក្រនេះ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់, ខ្លួននៅតែកំពុងពិនិត្យលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអាមេរិក ហើយពេលដែលសម្រេចចិត្តបែបណា ខ្លួននឹងប្រាប់ទៅប្រទេសប៉ាគីស្ថាន។
១៤ចំណុចក្នុង MOU នោះ ត្រូវគេមើលឃើញថាមាន៣ចំណុចដែលសំខាន់ជាងគេ និងជាឧបសគ្គធំអាចរាំងស្ទះដល់ដំណើរការសន្តិភាពរវាងភាគីទាំងពីរ។
៣ចំណុចនោះរួមមាន៖
🚨 បើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹកដោយសហរដ្ឋអាមេរិក។
🚨 អ៊ីរ៉ង់នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូមជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យពីសំណាក់អង្គការសហប្រជាជាតិ។
🚨 ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកទុក៕
អត្ថបទ៖ សុខ សុវណ្ណ
