ទង្វើរបស់កងទ័ពអ៊ីស្រាអែល ដែលស្ទាក់ចាប់នាវា និងឃុំខ្លួនសកម្មជននាំជំនួយទៅកាន់តំបន់ហ្គាហ្សា កំពុងទទួលការស្តីបន្ទោសជាអន្តរជាតិយ៉ាងខ្លាំងក្លា បន្ទាប់ពីប្រទេសចំនួន១៣ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ។

រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលកងកម្លាំងយោធាអ៊ីស្រាអែល បានស្ទាក់ចាប់ទូកដែលធ្វើដំណើរជាមួយកងនាវាដឹកសម្ភារៈមនុស្សធម៌ Global Sumud Flotilla ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ដោយប្រើប្រាស់ដ្រូន បច្ចេកវិទ្យារំខានទំនាក់ទំនង និងក្រុមវាយឆ្មក់ប្រដាប់អាវុធ ដើម្បីបញ្ឈប់កងនាវាមនុស្សធម៌នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។
បើតាមការផ្សាយរបស់ Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ប្រទេសចំនួន១៣ រួមមាន ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តួកគី បង់ក្លាដែស ប្រេស៊ីល កូឡុំប៊ី ហ្ស៊កដានី លីប៊ី ម៉ាល់ឌីវ ម៉ូរីតានី អាហ្វ្រិកខាងត្បូង និងអេស្ប៉ាញ បានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសអ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង១៣ បានបញ្ជាក់ថា៖ «យើងសូមថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមនាវា ដែលជាគំនិតផ្តួចផ្តើមស៊ីវិលដោយសន្តិវិធី ក្នុងគោលបំណងបង្ហាញឲ្យឃើញនូវមហន្តរាយមនុស្សធម៌ក្នុងតំបន់ហ្គាហ្សា។ ការវាយប្រហារនិងការចាប់ពង្រត់សកម្មជនដែលកំពុងធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរសមុទ្រនៃប្រទេសក្រិក គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអនុសញ្ញាសមុទ្រ»។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីទាំងអស់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់សកម្មជនដែលកំពុងបន្តជាប់ឃុំឃាំង ហើយជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែលដោះលែងពួកគេជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
សូមជម្រាបថា គិតត្រឹមដើមខែឧសភានេះ ចំនួនមនុស្សស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក បានកើនលើស ៧២ ៦០០ នាក់ហើយ និងមានអ្នករងរបួសជាង ១៧២ ០០០ នាក់ទៀត។ យ៉ាងណា ការវិភាគឯករាជ្យបានបង្ហាញថា តួលេខមនុស្សស្លាប់ពិតប្រាកដអាចលើសពី ៧៥ ០០០ នាក់ ទៅជាង ៧៨ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
