ក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle ដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំង កំពុងធ្វើដំណើរចុះទៅភាគខាងត្បូងនៃព្រែកជីកស៊ុយអេ ចូលទៅក្នុងសមុទ្រក្រហម ដើម្បីត្រៀមសម្រាប់បេសកកម្មរក្សាសន្តិសុខនៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្នែកនៃផែនការបារាំង-អង់គ្លេស។

យោងតាមសារព័ត៌មាន ABC ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ការផ្លាស់ប្តូរទីតាំងនេះជាដំណាក់កាលចុងក្រោយនៃការដាក់ពង្រាយនាវានៅមជ្ឈិមបូព៌ា ដែលប្រកាសដោយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃទី០៣ ខែមីនា មួយថ្ងៃមុនអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz។
ការចូលទៅភាគខាងត្បូងនៃព្រែកជីកស៊ុយអេ នាំឱ្យនាវាផ្ទុកយន្តហោះតែមួយគត់របស់បារាំងខិតទៅជិតចំណុចប្រសព្វនៃឈូងសមុទ្រពែរ្ស ជាកន្លែងដែលប្រេងមួយភាគប្រាំរបស់ពិភពលោកតែងឆ្លងកាត់ តែអ៊ីរ៉ង់បិទចរាចរណ៍ពាណិជ្ជកម្មចាប់តាំងពីដើមខែមីនា។
លោក Guillaume Vernet អ្នកនាំពាក្យរបស់ប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំងប្រាប់ AP ថា៖ «ដំណើរឆ្ពោះទៅភាគខាងត្បូងនៃព្រែកជីក Suez គឺជារឿងថ្មីសម្រាប់យើង។ តាមភូមិសាស្ត្រ វានៅជិតច្រកសមុទ្រ Hormuz ជាង ដូច្នេះនឹងអាចឱ្យយើងឆ្លើយតបបានលឿនជាងមុន»។

ទោះយ៉ាងណា លោក Vernet សង្កត់ធ្ងន់ថា សន្តិសុខពហុជាតិសាស្រ្តនៅច្រក Hormuz បង្កើតឡើងដោយបារាំង ចក្រភពអង់គ្លេស និងប្រទេសជាង៥០ នឹងមិនចាប់ផ្តើមប្រតិបត្តិការទេ រហូតដល់ការគំរាមកំហែងដល់ការដឹកជញ្ជូនត្រូវបានបន្ថយ និងឧស្សាហកម្មសមុទ្រត្រូវបានធានាគ្រប់គ្រាន់។ ប្រតិបត្តិការនេះក៏តម្រូវឱ្យមានការព្រមព្រៀងពីប្រទេសជិតខាងផងដែរ៕
