ភ្ញាក់ផ្អើល! ថៃដំឡើងថ្លៃសេវាព្រលានយន្តហោះជិតទ្វេដង អ្នកដំណើរអន្តរជាតិត្រូវចេញថ្លៃជាង ១១០០បាត/នាក់ ចាប់ពីខែមិថុនានេះតទៅ

ភ្ញាក់ផ្អើល! ថៃដំឡើងថ្លៃសេវាព្រលានយន្តហោះជិតទ្វេដង អ្នកដំណើរអន្តរជាតិត្រូវចេញថ្លៃជាង ១១០០បាត/នាក់ ចាប់ពីខែមិថុនានេះតទៅ

ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានថៃ (AOT) បានប្រកាសដំឡើងថ្លៃសេវាកម្មប្រើប្រាស់ព្រលានយន្តហោះលើអ្នកដំណើរអន្តរជាតិ ពី ៧៣០ បាត ដល់ ១ ១២០ បាត/ម្នាក់ ពោលគឺកើនឡើងជិត ៥៣% ចាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំនេះតទៅ។ ការដំឡើងនេះកើតឡើងចំពេលដែលវិបត្តិមជ្ឈិមបូព៌ាកំពុងធ្វើឲ្យតម្លៃប្រេង និងសំបុត្រយន្តហោះកើនឡើងខ្ពស់រួចស្រាប់។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ៨ ឧសភា ការដំឡើងថ្លៃសេវាកម្មនេះនឹងអនុវត្តចំពោះតែអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសំខាន់ៗចំនួន ៦ រួមមាន៖ សុវណ្ណភូមិ, ដនមឿង, ឈៀងម៉ៃ, ម៉ែហ្វាហ្លួងឈៀងរ៉ៃ, ភូកេត និងហាតយ៉ៃ ប៉ុណ្ណោះ។

អាកាសយានដ្ឋានថៃ

ប្រធាន AOT លោកស្រី Paweena Jariyathitipong បានថ្លែងថា ការដំឡើងថ្លៃនេះនឹងផ្តល់មូលនិធិដល់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមទាំងការពង្រីកស្ថានីយអ្នកដំណើរ ប្រព័ន្ធដំណើរការអ្នកដំណើរប្រើប្រាស់ទូទៅដោយស្វ័យប្រវត្តិ (CUPPS) និងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាសុវត្ថិភាព។ លោកស្រីបន្តថា ថ្លៃសេវាថ្មីរបស់ថៃនៅតែមានការប្រកួតប្រជែង បើប្រៀបធៀបជាមួយសិង្ហបុរី ដែលគិតថ្លៃ ១ ៦០០ បាត/ម្នាក់។

យ៉ាងណាមិញ ការដំឡើងថ្លៃនេះធ្វើឡើងចំពេលដែលចំនួនភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសថៃកំពុងធ្លាក់ចុះ ហើយឧស្សាហកម្មអាកាសចរណ៍កំពុងដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែវិបត្តិតម្លៃប្រេងដែលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា។ នេះជាកត្តាដែលអាចធ្វើឲ្យអ្នកដំណើរត្រូវប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃនាពេលខាងមុខ៕

administrator

Related Articles