វិបត្តិបំណុលកសិករថៃកំពុងឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ បន្ទាប់ពីរបាយការណ៍ថ្មីពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចធនាគារកណ្តាលថៃ បានបង្ហាញថា កសិករជាងពាក់កណ្តាលដែលបានខ្ចីប្រាក់ ទំនងជាគ្មានលទ្ធភាពសងបំណុលវិញបានឡើយ សូម្បីតែដល់ថ្ងៃចាកចេញពីលោកនេះក៏ដោយ។

កសិករប្រមាណ ២លាននាក់ នឹងមិនអាចរើខ្លួនរួចពីគំនរបំណុលបានឡើយ ហើយអ្នកខ្លះអាចនឹងបន្តសងបំណុលរហូតដល់វ័យជាង ៧០ឆ្នាំ ដែលជាវ័យមិនអាចរកចំណូលបានទៀត។
បញ្ហានេះកើតឡើងដោយសារកត្តាសំខាន់ពីរ គឺ សមត្ថភាពរកចំណូលទាប និងទម្លាប់នៃការសងប្រាក់គ្មានប្រសិទ្ធភាព។ កសិករភាគច្រើនប្រឈមនឹងចំណូលមិនទៀងទាត់ មិនសមស្របនឹងពេលសងធនាគារ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺកសិករខ្លះទោះខំប្រឹងកែប្រែទម្លាប់ចាយវាយយ៉ាងណា ក៏នៅតែមិនអាចសងរួចដែរ ព្រោះបំណុលមានចំនួនច្រើនហួសពីលទ្ធភាពជាក់ស្តែង។

ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ចំនួនកសិករដែលសងបានតែការប្រាក់ តែមិនអាចកាត់បន្ថយប្រាក់ដើម បានកើនឡើងពី ២០ភាគរយ ដល់ជាង ៥០ភាគរយ។ រដ្ឋាភិបាលថៃបានព្យាយាមជួយតាមរយៈការផ្អាកសងបំណុលបណ្តោះអាសន្ន និងបញ្ចុះអត្រាការប្រាក់ ប៉ុន្តែវិធានការទាំងនោះគ្រាន់តែជាការបិទបាំងមុខរបួសមួយគ្រាៗប៉ុណ្ណោះ។ បច្ចុប្បន្ន កម្រិតបំណុលមធ្យមរបស់កសិករបានកើនឡើងដល់ ២៥០,០០០បាត (ជាង ៧,០០០ដុល្លារ) ដែលខ្ពស់ជាងគ្រួសារទូទៅ ៣ដង។

បញ្ហានេះអាចធ្ងន់ធ្ងរជាងតួលេខផ្លូវការទៅទៀត ព្រោះកសិករជាច្រើននៅតែខំសងប្រាក់បន្តិចបន្តួចដើម្បីកុំឱ្យខូចឈ្មោះ ប៉ុន្តែពួកគេកំពុងជាប់ក្នុង «អន្ទាក់បំណុលអចិន្ត្រៃយ៍» រួចហើយ។ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចធនាគារកណ្តាលថៃ ជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់គោលនយោបាយជួយរយៈពេលខ្លី ហើយងាកមកកែទម្រង់រចនាសម្ព័ន្ធកសិកម្មទាំងមូល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយគ្រប់គ្រងឥណទាន និងបង្កើនចំណូលឱ្យមានស្ថិរភាពជាងមុន។
