កំពង់ចាម៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃឈរ នៃរដ្ឋបាលខេត្តកំពង់ចាម បានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកជនជាតិចិនចំនួន ៦នាក់ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយពុំមានឯកសារត្រឹមត្រូវ។

លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក្នុងប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យ។
សមត្ថកិច្ចបានប្រទះឃើញរថយន្តតាក់ស៊ីម៉ាក ហាយឡឹនឌរ័ ពណ៌ស ដឹកជនជាតិចិនចំនួន ៦នាក់ ទើបហៅសួរនាំ។ អ្នកបើកបរបានឲ្យដឹងថា ខ្លួនដឹកជនជាតិចិនទាំងនេះចេញពីភ្នំពេញ បំណងឆ្ពោះទៅអូរពងមាន់ ខេត្តស្ទឹងត្រែង។

លោក ខេង ម៉េងឈុន បន្ថែមថា តាមការត្រួតពិនិត្យ ជនជាតិចិនទាំង ៦នាក់មិនមានឯកសារជាប់ខ្លួនឡើយ ហើយសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន៖ កាតាបស្ពាយ ០៧ ទូរស័ព្ទដៃ ១០៩គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងផ្លាស់ ០៥។

ក្រោយពីត្រួតពិនិត្យ និងសួរនាំរួច ជនបរទេសទាំង ៦នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
