ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញមកបញ្ជាក់ជាថ្មីថា មេរោគ Hantavirus (ហាន់តាវីរុស) ដែលកំពុងរីករាលដាលនៅលើនាវាទេសចរណ៍មួយនោះ មិនអាចក្លាយទៅជាការឆ្លងរាលដាលកម្រិតទូទាំងពិភពលោក (Pandemic) ដូចជំងឺកូវីដ-១៩ ជាដាច់ខាត។ ទោះជាយ៉ាងណា អង្គការនេះរំពឹងថា មេរោគនេះនឹងបន្តរាតត្បាតជាបន្តទៀត។

ក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ អ្នកជំនាញខាងជំងឺឆ្លងរបស់ WHO បានពន្យល់យ៉ាងច្បាស់ថា មេរោគ Hantavirus នេះមិនមែនជាមេរោគ SARS ឬកូវីដ-១៩ នោះទេ។ វាជាមេរោគដែលឆ្លងតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង ដែលខុសពីរបៀបឆ្លងរបស់មេរោគកូរ៉ូណាវីរុស។ បច្ចុប្បន្ននេះ អាជ្ញាធរកំពុងចាត់វិធានការសម្អាតកប៉ាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។
WHO បញ្ជាក់ថា ករណីឆ្លងមេរោគនេះមានចំនួន ៥នាក់ត្រូវបានបញ្ជាក់ថាពិតប្រាកដ។ លទ្ធភាពនៃការឆ្លងច្រើនឡើងៗអាចនឹងកើតមាន ព្រោះមេរោគនេះអាចសម្ងំនៅក្នុងខ្លួនមនុស្សរហូតដល់ ៦សប្ដាហ៍ មុនពេលចេញរោគសញ្ញា។

អាជ្ញាធរនៅទ្វីបអឺរ៉ុបក៏បានអះអាងផងដែរថា ករណីរាតត្បាតនៃមេរោគ Hantavirus នៅមានកម្រិតទាបនៅឡើយ។ អ្នកនាំពាក្យសហភាពអឺរ៉ុបថ្លែងថា បើយោងតាមភស្តុតាងដែលប្រមូលបាន ហានិភ័យនៃការផ្ទុះមេរោគនេះនៅអឺរ៉ុបមានកម្រិតទាប។ រហូតមកដល់ពេលនេះ Hantavirus បានសម្លាប់មនុស្ស ៣នាក់ និងធ្វើឱ្យមនុស្ស ៨នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺនៅលើនាវាទេសចរណ៍ដោតទង់ជាតិហូឡង់ឈ្មោះ ហុនឌាស (Hondius) ដែលកំពុងចតនៅតំបន់ Cape Verde ដោយមានមនុស្សជិត ១៥០នាក់នៅលើនោះ។

នាវានេះបានចាកចេញដំណើរពីប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ១ ខែមេសា ហើយគ្រោងឈប់សម្រាកនៅតំបន់អង់តាក់ទិច, កោះហ្វកលែន (Falkland) និងទីតាំងជាច្រើនទៀតតាមផ្លូវធ្វើដំណើរ។ នាយក WHO លោក តេដ្រូស ថ្លែងថា អ្នកជំងឺ ៣នាក់ដែលសង្ស័យថាឆ្លងមេរោគ Hantavirus ត្រូវបានជម្លៀសតាមយន្តហោះទៅព្យាបាលនៅប្រទេសហូឡង់។ លោកបញ្ជាក់ថា សម្រាប់ដំណាក់កាលនេះ ហានិភ័យជាទូទៅនៅមានកម្រិតទាប។ សូមជម្រាបថា មេរោគ Hantavirus ច្រើនរស់នៅក្នុងខ្លួនសត្វកកេរ។
ប្រភព៖ Euro News និងប្រភពដទៃទៀត
