អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានមួយថា ករណីឆ្លងមេរោគ Hanta បន្ថែមទៀតអាចនឹងកើតមានឡើង បន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវនេះនៅលើនាវាទេសចរណ៍ហូឡង់ MV Hondius។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី 7 ខែឧសភា WHO បានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គការបានកត់ត្រាករណីឆ្លងមេរោគ Hanta ចំនួន 5 ករណី និងករណីសង្ស័យចំនួន 3 ករណី ដែលសុទ្ធតែទាក់ទងនឹងដំណើររបស់នាវា Hondius ។ ក្នុងចំណោមនោះ មានអ្នកស្លាប់ចំនួន 3 នាក់ផងដែរ។ បច្ចុប្បន្ន អ្នកជំងឺទាំងនោះកំពុងទទួលការតាមដាន ឬព្យាបាលនៅតាមប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ហូឡង់ ស្វីស និងអាហ្វ្រិកខាងត្បូង។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងថា ហានិភ័យនៃករណីឆ្លងបន្ថែមទៀតនៅតែមាន ដោយសារតែរយៈពេលភ្ញាស់នៃមេរោគ Hanta ប្រភេទ Andes អាចមានរយៈពេលរហូតដល់ 6 សប្តាហ៍។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ហានិភ័យចំពោះសុខភាពសាធារណៈជារួមពីការផ្ទុះឡើងនេះ នៅមានកម្រិតទាបនៅឡើយ។

បច្ចុប្បន្ន WHO បានជូនដំណឹងដល់ប្រទេសចំនួន 12 ដែលមានពលរដ្ឋរបស់ខ្លួនបានចុះពីនាវាទេសចរណ៍ខាងលើ នៅលើកោះសាំងហេឡេណា (Saint Helena) របស់អង់គ្លេស រួមមាន៖ កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលសេឡង់ សិង្ហបុរី ស៊ុយអែត ស្វីស តួកគី អង់គ្លេស និងសហរដ្ឋអាមេរិក។
លោក ថេដ្រូស បានបន្ថែមថា ចំនួនអ្នកឆ្លងអាចនឹងមានការកើនឡើងបន្ថែមទៀត ដោយសារវីរុសប្រភេទនេះមានរយៈពេលសម្ងំក្នុងខ្លួនយូរ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ប្រទេសអាហ្សង់ទីន នឹងបញ្ជូនឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យវីរុស Hantavirus ចំនួន 2,500 ឈុត ទៅកាន់មន្ទីរពិសោធន៍ក្នុងប្រទេសចំនួន 5 ផ្សេងទៀត ដើម្បីជួយសម្រួលដល់ការពិនិត្យសុខភាព និងតាមដានករណីសង្ស័យឱ្យបានទាន់ពេលវេលា៕
