ពន្លឺសន្តិភាពដែលទើបតែរះព្រាលៗនៅលីបង់ ត្រូវបានពន្លត់វិញយ៉ាងឆាប់រហ័ស ក្រោយកងទ័ពអាកាសអ៊ីស្រាអែលបើកការវាយប្រហារលើរដ្ឋធានីបេរូត កាលពីថ្ងៃពុធ ទី៦ ឧសភា ២០២៦។

បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយថ្ងៃទី៧ ឧសភានេះ ការវាយប្រហារនេះជាលើកដំបូងដែលបេរូតរងគ្រាប់បែក ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡាត្រូវបានប្រកាសកាលពីខែមេសា។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា ប្រតិបត្តិការនេះមានគោលដៅចំទៅលើមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងពិសេស Radwan ដែលជាអង្គភាពខ្លាំងបំផុតរបស់ហេសបូឡា។ អ៊ីស្រាអែលជឿជាក់ថា មេបញ្ជាការរូបនោះ និងសហការីត្រូវបានស្លាប់ ប៉ុន្តែហេសបូឡា និងកងទ័ពលីបង់ មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។
នៅភាគខាងត្បូងលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៣នាក់ស្លាប់ក្នុងថ្ងៃតែមួយ រួមមានទាំងស្ត្រី និងមនុស្សចាស់។ យន្តហោះដ្រូនអ៊ីស្រាអែលក៏ចាប់ផ្ដើមហោះក្រឡឹងលើមេឃបេរូតម្ដងទៀត។

ជាការឆ្លើយតប ហេសបូឡាបានបាញ់រ៉ុក្កែត និងដ្រូនផ្ទុកគ្រឿងផ្ទុះទៅលើកងទ័ពអ៊ីស្រាអែល បណ្តាលឲ្យទាហានពីរនាក់រងរបួស។ កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តក្នុងល្បឿនយឺត ដោយលោកនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam ថា វានៅលឿនពេកសម្រាប់ការជួបពិភាក្សាកំពូល។ គោលដៅចម្បងរបស់លីបង់ពេលនេះ គឺទាមទារកាលវិភាគច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកទ័ព។

រហូតមកដល់ពេលនេះ សង្រ្គាមបានឆក់យកជីវិតមនុស្សជាង ២,៧០០នាក់ បន្សល់ទុកនូវសោកនាដកម្មដ៏ធំធេងដល់ប្រជាជនលីបង់៕
