ប្រឈមទោសប្រហារជីវិត អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe និង លោក Li Shangfu ត្រូវបានព្យួរទោសរយៈពេលពីរឆ្នាំក្នុងបទចោទប្រកាន់អំពើពុករលួយ ដែលបញ្ជាក់ពីការបោសសម្អាតក្នុងវិស័យយោធាចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
សាលក្រមតុលាការយោធានេះ មានន័យថា ទោសប្រហារជីវិតរបស់អតីតរដ្ឋមន្ត្រីការពារទាំងពីរ នឹងត្រូវប្តូរទៅជាទោសជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីព្យួរទោសប្រហារជីវិតរយៈពេលពីរឆ្នាំ ដោយគ្មានលទ្ធភាពនៃការបន្ធូរបន្ថយទោស ឬការលើកលែងទោសឡើយ។
ប្រទេសចិនផ្តោតលើកងកម្លាំងប្រដាប់អាវុធពីថ្នាក់លើដល់ក្រោមជាគោលដៅចម្បងមួយនៃការបង្ក្រាបអំពើពុករលួយយ៉ាងទូលំទូលាយ ដែលបញ្ជាដោយប្រធានាធិបតី លោក ស៊ី ជីនពីង បន្ទាប់ពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២។
ទោះបីជាប្រទេសចិននឹងកាត់ទោសថ្នាក់ដឹកនាំយោធាកំពូលទាំងពីរក្តី តែពួកគេធ្លាប់បម្រើការក្នុងជួរកងទ័ពច្រើនឆ្នាំមកហើយក៏មានស្នាដៃច្រើនដែរ។ លោក Wei Fenghe បានបម្រើការជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ព្រមទាំងធ្លាប់បញ្ជាកងកម្លាំងរ៉ុក្កែតដែលត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ចិន។ រីឯ លោក Li Shangfu បានឡើងជំនួសលោក Wei ជារដ្ឋមន្ត្រីការពារជាតិ ដោយលោកត្រូវបានគេស្គាល់ពីតួនាទីក្នុងការផ្គត់ផ្គង់សម្ភារៈយោធា និងការអភិវឌ្ឍឧបករណ៍ ជាពិសេសក្នុងការត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធារបស់ប្រទេសចិន។
បើយោងតាមសារព័ត៌មាន South China Post និង The New York Times បន្ទាប់ពីការកាត់ទោសលោក Wei Fenghe និងលោក Li Shangfu ក្នុងខែឧសភា ឆ្នាំ២០២៦ ក៏មានឥស្សរជនយោធាលេចធ្លោបំផុតកំពុងត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹងការចោទប្រកាន់ដែលអាចកើតមាន គឺលោក Zhang Youxia និងលោក Liu Zhenli។
ខណៈដែលលោក Wei និងលោក Li គឺជាមនុស្សដំបូងគេដែលទទួលទោសប្រហារជីវិតនៅក្នុងការបោសសម្អាតបច្ចុប្បន្ន រីឯមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលត្រូវបានបោសសម្អាតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏ទំនងមានវាសនាមិនខុសគ្នាដែរ។
ឥស្សរជនកំពូលៗដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត រួមមាន៖
ឧត្តមសេនីយ៍ លោក Zhang Youxia៖ អតីតអនុប្រធានលំដាប់ទីមួយនៃគណៈកម្មការយោធាកណ្តាល (CMC) និងជាសមាជិកការិយាល័យនយោបាយ។ លោកធ្លាប់ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្តែត្រូវបានដកចេញពីតំណែងនៅខែមករា ឆ្នាំ២០២៦ និងកំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យរំលោភបំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ។
ឧត្តមសេនីយ៍ លោក Liu Zhenli៖ អតីតប្រធាននាយកដ្ឋានបុគ្គលិករួមនៃ CMC ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតរួមជាមួយលោក Zhang ក្នុងខែមករា ឆ្នាំ២០២៦។
ឧត្តមនាវីឯក លោក Dong Jun ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការពារជាតិ ក៏ធ្លាប់ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters និង Financial Times កាលពីចុងឆ្នាំ២០២៤ ថា លោកធ្លាប់ដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយផងដែរ។ ប៉ុន្តែរបាយការណ៍នោះបានដកស្រង់សម្តីពីមន្ត្រីសហរដ្ឋអាមេរិកដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប៉ុណ្ណោះ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ លោក Dong Jun នៅតែបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិចិននៅឡើយ។
ប្រែសម្រួល៖ ណឺ មិនា
