ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Johari Abdul Ghani បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាឡេស៊ីមិនបានលក់ប្រេងឆៅទៅឱ្យសមាជិកអាស៊ានណាមួយឡើយ នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានម៉ាឡេស៊ី ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចអាស៊ានរួមគ្នា នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ឧសភា។
លោក Johari បានឱ្យដឹងថា ម៉ាឡេស៊ីនៅតែជាប់ចំណាត់ថ្នាក់ជាអ្នកនាំចូលប្រេងសុទ្ធ ដោយនៅតែនាំចូលប្រេងប្រហែល ៤០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា៖ «យើងនៅតែនាំចូលប្រេងប្រហែល ៤០០ ០០០ បារ៉ែល/ថ្ងៃ ដូច្នេះយើងមិនអាចលក់ប្រេងទៅឱ្យប្រទេសដទៃទៀតបានទេ»។
ការលើកឡើងនេះ គឺឆ្លើយតបទៅនឹងសំណួរអ្នកកាសែត អំពីប្រទេសអាស៊ានណាមួយដែលស្នើសុំការផ្គត់ផ្គង់ប្រេងពីម៉ាឡេស៊ី ក្នុងបរិបទដែលតំបន់ធ្លាក់ចូលវិបត្តិថាមពល ដោយសារជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលបង្កការបិទច្រកសមុទ្រហ័រមូហ្ស។
លោក Johari បន្តថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានផ្តោតខ្លាំងទៅលើផលប៉ះពាល់នៃជម្លោះអ៊ីរ៉ង់ ជាពិសេសកំណើនតម្លៃប្រេងសកលដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចផ្សេងៗ។ អាស៊ានរងគ្រោះធ្ងន់ធ្ងរពីកំណើនតម្លៃប្រេង ដែលប៉ះពាល់ផ្ទាល់ទៅលើវិស័យដឹកជញ្ជូន ភស្តុភារកម្ម អាកាសចរណ៍ ផលិតកម្ម គីមីឥន្ធនៈ ឧស្សាហកម្មម្ហូបអាហារ និងការផលិតថាមពល។
ទោះជាយ៉ាងណា ម៉ាឡេស៊ីនៅតែមានស្ថិរភាព ដោយសារខ្លួនជាអ្នកនាំចេញឧស្ម័នធម្មជាតិពង្រាវ (LNG)។ «ទោះបីជាយើងជាអ្នកនាំចូលប្រេងក៏ដោយ ក៏ម៉ាឡេស៊ីគឺជាអ្នកនាំចេញ LNG សុទ្ធ ហើយអតិរេកពាណិជ្ជកម្ម LNG អាចជួយទូទាត់ពីឱនភាពនៃប្រេងឆៅ»៕
