រាជធានីភ្នំពេញ៖
ក្នុងត្រីមាសទី១ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលបណ្តឹងចំនួន៤១៩ កើនឡើង៧៨%ធៀបនឹងឆ្នាំ២០២៥។ ក្នុងចំណោមបណ្តឹងសរុប៦១០ (រាប់ទាំងបណ្តឹងសល់) អគ្គាធិការដ្ឋានសម្រេចដោះស្រាយបាន៣៧៨បណ្ដឹង ស្មើ៦២% កើនឡើង១០% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។
លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា អគ្គាធិការដ្ឋានបានចុះអធិការកិច្ចនិងអង្កេតស្រាវជ្រាវ២៥បណ្ដឹង និងតាមដានការអនុវត្តសេចក្ដីជូនដំណឹងក្រសួង៥គោលដៅ។ លទ្ធផលនៃការដាក់វិន័យនិងទណ្ឌកម្មរួមមាន៖ ដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិ១រូប (នគរបាលខេត្តរតនគិរី) បណ្តេញចេញពីក្របខណ្ឌ២រូប (អន្តោប្រវេសន៍១រូប ភស្តុភារនិងហិរញ្ញវត្ថុ១រូប) ដកហូតមុខតំណែង២រូប (បណ្ឌិត្យសភានគរបាលកម្ពុជា១រូប នាយប៉ុស្តិ៍នគរបាលព្រៃតាអី១រូប) បន្ថយឋានន្តរស័ក្តិ២រូប ព្រមានជាលាយលក្ខណ៍អក្សរ៩រូប និងណែនាំ៦រូប។ បច្ចុប្បន្នបណ្ដឹងនៅសេសសល់២៣២បណ្ដឹង កំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធី។
