រាជធានីភ្នំពេញ៖ ការស្លាប់របស់សត្វទន្សោងឈ្មោលមួយក្បាលទៀត នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើឲ្យចំនួនសត្វទន្សោងដែលបានងាប់ក្នុងរយៈពេលត្រឹមតែ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើងដល់៤ក្បាល ដែលជាតួលេខគួរឲ្យព្រួយបារម្ភបំផុត។

យោងតាមហ្វេសប៊ុកផេកព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអណោចអធ័ម នៅចំណុចស្នាមភ្លោះក្បែរផ្លូវ ក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ។
តាមរបាយការណ៍ពីមន្ត្រីមូលដ្ឋាន កាលពីថ្ងៃទី៣ ឧសភា សត្វទន្សោងនេះត្រូវបានគេឃើញដើរចេញពីតំបន់ការពារក្នុងសភាពទន់ខ្សោយ និងមានរបួសជើងយ៉ាងធ្ងន់ធ្ងរ។ រូបភាពដ៏ខ្លោចផ្សាដែលក្រុមការងារបានកត់ត្រាទុក គឺសត្វទន្សោងនេះព្យាយាមតស៊ូធ្វើដំណើរទាំងការឈឺចាប់ ដោយដើរបានចម្ងាយត្រឹមតែ២០ទៅ៣០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវឈប់សម្រាកម្ដងៗ។

ទោះបីជាមានការយកចិត្តទុកដាក់តាមដានយ៉ាងជិតស្និទ្ធពីសំណាក់មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍យ៉ាងណាក៏ដោយ ក៏ស្ថានភាពរបួសបានធ្វើឲ្យវាមិនអាចបន្តដង្ហើមបានទៀតឡើយ។

ក្រោយពីធ្វើកំណត់ហេតុរួច ក្រុមមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ បានសម្រេចដឹកយកសាកសពសត្វទន្សោងទៅបញ្ចុះនៅស្នាក់ការមន្ត្រីឧទ្យានុរក្សភ្នំអណ្តូង ក្នុងឃុំលំទង ដើម្បីរក្សាសុវត្ថិភាពតាមបច្ចេកទេស។

សត្វទន្សោងជាប្រភេទសត្វកម្រដែលពិភពលោកកំពុងការពារយ៉ាងតឹងរឹង ប៉ុន្តែពួកវាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីកត្តាមនុស្ស ដូចជាការដាក់អន្ទាក់ និងការរំខានដល់ទីជម្រកធម្មជាតិ។

ព្រឹត្តិការណ៍ដ៏សោកសៅនេះ គឺជាសារដាស់តឿនដល់សាធារណជនគ្រប់រូប ឲ្យចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ និងជីវៈចម្រុះ។ ការរួមគ្នាអភិរក្សសត្វព្រៃនៅថ្ងៃនេះ គឺជាការរក្សាទុកកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
