ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ជនជាតិចិន ០២នាក់ និងខ្មែរ ០១នាក់) ក្នុងករណីប្រើប្រាស់ហិង្សាដោយចេតនា ដេញវាយគ្នាទៅវិញទៅមក ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត កាលពីវេលាម៉ោង ១២:៣០ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ ២៨៧ កែងផ្លូវលេខ ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២។

តាមការបញ្ជាក់ពីនគរបាលខណ្ឌទួលគោក ក្រុមជនសង្ស័យទាំងពីរក្រុមបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក YAMAHA R15 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DD-9222 និងរថយន្ត TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8593។

ប្រភពដដែលបានបន្តថា ដោយមិនអាចចរចារគ្នាបាន ភាគីទាំងពីរបានប្រើប្រាស់ដៃ និងដំបងដេញវាយគ្នានៅតាមដងផ្លូវសាធារណៈ បណ្ដាលឱ្យរបួសស្រាលទាំងសងខាង។

វត្ថុតាងចាប់យករួមមាន រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

