រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការកកើតឡើងនៃព្យុះទី៥ ឈ្មោះ «ហាហ្គូពីត» (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលកំពុងជះឥទ្ធិពលដោយប្រយោលមកលើកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។

ក្រសួងបានប្រកាសពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យម ២៥-៣៦°C ខ្យល់បក់ពីទិសបូព៌ា និងអាគ្នេយ៍ក្នុងល្បឿន ២ម/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ ២៥%។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ាក្នុងល្បឿន ៣ម/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥-៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿន ២ម/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២៥%។ រលកសមុទ្រមានកម្ពស់ពី ០,៥០ ទៅ ១,០០ ម៉ែត្រ។
