ខេត្តកំពង់ចាម៖ ក្រោយពីមានការផ្ទុះរឿងឈ្មួញទិញទុរេនចេញពីខេត្តកំពង់ចាម តែបែរជាសារភាពថានាំចូលមកពីប្រទេសថៃវិញនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះជួបសហគមន៍ទុរេនបែកអន្លូង ដើម្បីរកដំណោះស្រាយដាក់ QR Code នៅលើផ្លែទុរេន ជាសញ្ញាសម្គាល់ប្រភពដើម។

អ្នកស្រី វ៉ែន សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ម្ចាស់ចំការទុរេនបែកអន្លូង បានឲ្យដឹងថា គាត់ដាំទុរេនពូជសាំងឃីម និងម៉ាន់ថង សរុប៣០០ដើម ក្នុងឃុំអារក្សត្នោត ដោយសាំងឃីមផ្ដល់ផលក្នុងរយៈពេល៩០ថ្ងៃ តម្លៃចន្លោះពី២៥,០០០ ទៅ៣០,០០០រៀលក្នុងមួយគីឡូក្រាម។

ម្ចាស់ចម្ការរូបនេះបន្តថា ពូជម៉ាន់ថងមានអាយុពី៦ ទៅ៨ឆ្នាំ ផ្ដល់ទិន្នផលជាង៤០ទៅ៦០ផ្លែក្នុងមួយដើម ទម្ងន់ពី២ទៅ៣គីឡូក្រាម។ គាត់មិនពិបាករកទីផ្សារទេ ព្រោះម៉ូយបើករថយន្តមកបេះដល់ចម្ការ។

លោក សឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម មានប្រសាសន៍ថា ចម្ការទុរេនក្នុងខេត្តមានសរុបប្រមាណ១,៨៤៩ហិកតា។ បច្ចុប្បន្នសមាជិកសហគមន៍ទុរេនបែកអន្លូងមានចំនួន១៦១នាក់ហើយ ដោយម្ចាស់ចម្ការត្រូវតែមានភាពស្មោះត្រង់ និងដាំដុះតាមបច្ចេកទេសគ្មានសារធាតុគីមី ដើម្បីបំពេញតាមតម្រូវការក្រុមហ៊ុនចិនដែលចុះកុងត្រាទិញទុរេននាំចេញទៅទីផ្សារចិន។


