គីម ជុងអ៊ុន អធិការកិច្ចរោងចក្រកាំភ្លើងធំថ្មី មានរយៈចម្ងាយបាញ់ដល់សេអ៊ូល!

គីម ជុងអ៊ុន អធិការកិច្ចរោងចក្រកាំភ្លើងធំថ្មី មានរយៈចម្ងាយបាញ់ដល់សេអ៊ូល!

ទីក្រុងព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចេញផ្សាយរបាយការណ៍នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០២៦ ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ទើបតែបានធ្វើអធិការកិច្ចផ្ទាល់នៅរោងចក្រផលិតកាំភ្លើងធំប្រភេទថ្មីមួយ ដែលមានសមត្ថភាពបាញ់រយៈចម្ងាយដល់ទៅជាង ៦០ គីឡូម៉ែត្រ គ្រប់គ្រាន់អាចទៅដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបានយ៉ាងងាយស្រួល។

គីម ជុងអ៊ុន ត្រួតពិនិត្យកាំភ្លើងធំ

ក្នុងឱកាសនោះ លោកគីម ជុងអ៊ុន បានសម្តែងការកោតសរសើរចំពោះកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រប្រភេទថ្មីនេះ ដោយអះអាងថា វានឹងផ្លាស់ប្តូរសមរភូមិទាំងស្រុង និងផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដ៏ធំធេងសម្រាប់ប្រតិបត្តិការថ្មើរជើងរបស់កងទ័ពប្រជាជនកូរ៉េ។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា អាវុធទំនើបនេះគ្រោងនឹងដាក់ពង្រាយទៅកាន់តំបន់ព្រំដែនកូរ៉េខាងត្បូងនៅចុងឆ្នាំនេះ ដែលជាចលនាមួយបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ទីក្រុងសេអ៊ូល។

លោកគីម ជុងអ៊ុន ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែលសម្គាល់នូវការពង្រឹងសមត្ថភាពការពារជាតិដែលមិនធ្លាប់មានពីមុនមក ដោយជំរុញឱ្យមន្ត្រីកងទ័ពទាំងអស់បង្កើនការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ។

កាំភ្លើងធំកូរ៉េខាងជើង

គួរបញ្ជាក់ផងដែរថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កូរ៉េខាងជើងបាននិងកំពុងអភិវឌ្ឍអាវុធយុទ្ធសាស្ត្រគ្រប់ប្រភេទ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមានសមត្ថភាពទៅដល់សូម្បីតែទ្វីបអាមេរិក។ លើសពីនេះទៅទៀត នៅថ្ងៃដដែលនោះ លោកគីម ជុងអ៊ុន ក៏បានអធិការកិច្ចសាកល្បងនាវាពិឃាតប្រភេទថ្មីឈ្មោះ ‘ឆូ ហ្យុន’ (Choe Hyon) នៅក្នុងសមុទ្រលឿង ផងដែរ មុនពេលដាក់ឱ្យដំណើរការជាផ្លូវការ។

administrator

Related Articles