ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងឱកាសខួបលើកទី៨១ នៃទិវាជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយទីក្រុងមូស្គូ។

លោក គីម សង្កត់ធ្ងន់ថា កូរ៉េខាងជើងរក្សាជំហរផ្តល់អាទិភាពខ្ពស់ដល់ការរក្សាភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងប្រកាន់ឆន្ទៈមោះមុតក្នុងការអនុវត្តតាមកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។
នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង KCNA។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រមាណ១៤,០០០នាក់ ទៅជួយរុស្ស៊ីនៅតំបន់ខឺស ដោយមន្ត្រីកូរ៉េខាងត្បូង អ៊ុយក្រែន និងប្រទេសលោកខាងលិច ប៉ាន់ស្មានថាកងទ័ពកូរ៉េខាងជើងជាង៦,០០០នាក់បានពលីជីវិតក្នុងសង្គ្រាមនេះ។
ទន្ទឹមនឹងនេះ កាលពីយប់មិញ រុស្ស៊ី និងអ៊ុយក្រែន បានឯកភាពទទួលយកបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលផ្តួចផ្តើមឡើងដោយលោក ដូណាល់ ត្រាំ ដោយនឹងអនុវត្តចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែឧសភា៕
