រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានចេញបទបញ្ជាបិទដំណើរការអាជីវកម្មជាបណ្តោះអាសន្នលើរោងចក្រចំនួន២ទីតាំង បន្ទាប់ពីពួកគេបានរារាំងសមត្ថកិច្ចមិនឱ្យចូលត្រួតពិនិត្យករណីសង្ស័យបង្ហូរសំណល់រាវពុលចូលប្រឡាយទឹកសាធារណៈ។

រោងចក្រទាំងពីររួមមាន៖ ទី១ រោងចក្រផលិតដំណាប់ស្វាយ (គ្មានឈ្មោះ) នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និង ទី២ រោងចក្របោកគក់ជម្រះក្អែល Kniteracy Asia Company Limited Garment, Knitting នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញត្រូវបានរារាំងមិនឱ្យចូលត្រួតពិនិត្យទីតាំងទាំងពីរ ដែលមានក្លិនស្អុយរលួយ និងទឹកសំណល់ពណ៌ខ្មៅហូរចូលប្រឡាយសាធារណៈ។

ក្រសួងបរិស្ថានបានចាត់វិធានការនេះដោយផ្អែកលើ ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៨១៥ និង អនុក្រឹត្យលេខ ២៤១ អនក្រ.បក ដែលផ្តល់សិទ្ធិដល់មន្ត្រីអធិការកិច្ចក្នុងការត្រួតពិនិត្យការបំពុលបរិស្ថាន។

រោងចក្រឬសហគ្រាសណាដែលមិនសហការ ឬរារាំងមន្ត្រីបរិស្ថានចូលត្រួតពិនិត្យ នឹងត្រូវរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន។ លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ (ឆ្នាំ២០១៧) ក៏បានចែងយ៉ាងច្បាស់អំពីការដាក់ទណ្ឌកម្មលើម្ចាស់ទីតាំងដែលរារាំងការចូលត្រួតពិនិត្យផងដែរ។

ក្រសួងបរិស្ថានបានប្រកាសថានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការតាមនីតិវិធីបន្ថែមទៀត ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននៅតាមបណ្តារោងចក្រទូទាំងប្រទេស។


