ទីក្រុងឌុយបៃ៖ យោធាអាមេរិកបានបើកប្រតិបត្តិការវាយប្រហារលើនាវាដឹកប្រេងចំនួន២គ្រឿងរបស់អ៊ីរ៉ង់កាលពីយប់មិញ បន្ទាប់ពីមានការបាញ់តដៃគ្នាយ៉ាងខ្លាំងក្លានៅតំបន់ច្រកសមុទ្រហ័រម៉ូស។

ទន្ទឹមនឹងនេះ ប្រទេសអារ៉ាប់រួមក៏បានរាយការណ៍អំពីករណីអ៊ីរ៉ង់វាយប្រហារចូលទឹកដីខ្លួនដោយប្រើមីស៊ីល និងដ្រូនផងដែរ។ ការវាយប្រហារនេះបង្កជាការមន្ទិលសង្ស័យថា តើបទឈប់បាញ់ដែលអាមេរិកបានប្រកាសនោះអាចនឹងឋិតថេរដែរឬទេ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោករូប៊ីអូ បានថ្លែងដោយក្ដីសង្ឃឹមថានឹងទទួលបានចម្លើយដ៏ប្រាកដប្រជាពីអ៊ីរ៉ង់ត្រឹមរាត្រីនេះ។ យោធាអាមេរិកបញ្ជាក់ថាខ្លួនបានបង្អាក់ដំណើរនាវាដឹកប្រេងទាំង២គ្រឿង ដែលព្យាយាមបុកទម្លុះរបាំងការពារដើម្បីចាកចេញពីកំពង់ផែ។

ក្រសួងការពារជាតិអារ៉ាប់រួមថ្លែងថា មនុស្ស៣នាក់រងរបួសបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោង២គ្រាប់ និងដ្រូន៣គ្រឿងរបស់អ៊ីរ៉ង់។ អាមេរិកបានបង្ហោះវីដេអូឃ្លីបបង្ហាញពីការវាយប្រហារលើនាវាដឹកប្រេងទាំងពីរពីយន្តហោះចម្បាំង។ លោករូប៊ីអូថ្លែងថា៖ «ពួកគេគំរាមកំហែងមកលើយើង ដូច្នេះពួកគេត្រូវតែទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា»៕
ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
