រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌកំបូលបានឃាត់ខ្លួនស្ត្រីវ័យ២១ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននគរបាលក្លែងក្លាយ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានរបស់អាជ្ញាធរ និងយោធា។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ។

ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងតំបន់ខាងលើ។ វត្ថុតាងចាប់យករួមមាន៖ ឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោ ១ឈុត និងឯកសណ្ឋាននគរបាលប្រយុទ្ធ ១ឈុត។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។
