«ជីនកាងផ្លូវមាស» ផ្អាកសកម្មភាព​ដើម្បីសម្ងំរង់ចាំឱកាសបើកដំណើរការឡើងវិញ?

«ជីនកាងផ្លូវមាស» ផ្អាកសកម្មភាព​ដើម្បីសម្ងំរង់ចាំឱកាសបើកដំណើរការឡើងវិញ?

រាជធានីភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងផុលផុសលើបណ្តាញសង្គមពីសារព័ត៌មាន ទីតាំងល្បែងស៊ីសងខុសច្បាប់ឈ្មោះ «ជីនកាងផ្លូវមាស» ដែលត្រូវបានគេចោទថាមានខ្នងបង្អែកធំនៅពីក្រោយនោះ បានផ្អាកអាជីវកម្មភ្លាមៗ ធ្វើឱ្យមហាជនមានការសង្ស័យថាវាគ្រាន់តែជាការសម្ងំរង់ចាំឱកាសស្ងប់ស្ងាត់ដើម្បីបើកដំណើរការឡើងវិញប៉ុណ្ណោះ។

យោងតាមរូបភាពភស្តុតាងដែលបានបែកធ្លាយមកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ទីតាំងយីហោនេះស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់នូវសកម្មភាពល្បែងស៊ីសងភ្នាល់ចាក់លុយយ៉ាងគ្រហើៗ។

ល្បែងស៊ីសង

តាមភស្តុតាងបានបង្ហាញថា ទីតាំងនេះមានការរៀបចំតុបៀការ៉ាត់ (Baccarat) ម៉ាស៊ីនហ្គេមបាញ់ត្រី និងប្រព័ន្ធកុំព្យូទ័រទំនើបៗសម្រាប់បម្រើឱ្យល្បែងភ្នាល់អនឡាញចម្រុះ ដោយមានមនុស្សចូលលេងយ៉ាងកុះករ និងអនាធិបតេយ្យបំផុត។

ក្រោយការចុះផ្សាយជាបន្តបន្ទាប់ ស្រាប់តែមានសេចក្ដីរាយការណ៍ថាទីតាំងល្បែងស៊ីសងមួយនេះបានផ្អាកអាជីវកម្មភ្លាមៗដែរ។ ការផ្អាកដោយស្ងៀមស្ងាត់នោះបានធ្វើឱ្យមហាជនលើកជាចម្ងល់ថា តើវាជាការដកថយដោយសារខ្លាចសមត្ថកិច្ចបង្ក្រាប ឬក៏ជាការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរង់ចាំស្ងប់ស្ងាត់បើកឡើងវិញ?

ម៉ាស៊ីនល្បែង

អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ មានរូបភាពជាភស្តុតាងជាក់ស្ដែងប៉ុណ្ណឹងហើយ តែបែជាមិនទាន់ឃើញមានវត្តមានអាជ្ញាធរ ឬសមត្ថកិច្ចពាក់ពន្ធចុះទៅពិនិត្យបង្ក្រាប ឬដកហូតសម្ភារៈទីតាំងល្បែងស៊ីសងខុសច្បាប់នោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ាស៊ីនទំនើបៗទាំងនោះនៅតែស្ថិតក្នុងទីតាំងដដែល ជាសញ្ញាបញ្ជាក់ថាម្ចាស់ទីតាំងមិនមានបំណងរំសាយបន្ល្បែងនេះចោលទេ គឺហាក់ដូចជាត្រៀមនៅចាំតែដំណើរឡើងវិញ។

គួរបញ្ជាក់ថា ខណៈពេលមានព័ត៌មានឮដល់ដៃអាជ្ញាធរ ម្ចាស់ទីតាំងតែងតែដឹងខ្លួនមុនជានិច្ច ដែលនាំឱ្យមានការសង្ស័យកាន់តែខ្លាំងថាទីតាំងនេះអាចមាន«ខ្នងបង្អែកធំ» ទើបអាជ្ញាធរខណ្ឌចំការមនមិនហ៊ានប៉ះពាល់។ មតិមហាជនបានទទូចថា ប្រសិនបើមានការបង្ក្រាបពិតប្រាកដមែន ត្រូវតែមានសេចក្ដីជូនដំណឹងជាផ្លូវការ និងការចុះដកហូតសម្ភារៈវត្ថុតាងឱ្យបានដាច់ស្រេច ដើម្បីកុំឱ្យទីតាំងនោះអាចត្រឡប់មកបើកដំណើរការតទៅទៀតបាន។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព។

administrator

Related Articles