រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី ០១នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេស ។

ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ។

ក្នុងចំណោមជនជាតិចិនទាំង ៣១៩នាក់ មានចំនួន ១៦៦នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។


ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការដឹកនាំដ៏មុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទាំងស្រុង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ។

