ការភ័យរន្ធត់! អ្នកដំណើរកប៉ាល់ទេសចរណ៍ MV Hondius ទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយផ្ទុះករណីឆ្លងមេរោគ Hantavirus ដ៍សាហាវ ឆក់យកជីវិតមនុស្ស៣នាក់

ការភ័យរន្ធត់! អ្នកដំណើរកប៉ាល់ទេសចរណ៍ MV Hondius ទាំងអស់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោយផ្ទុះករណីឆ្លងមេរោគ Hantavirus ដ៍សាហាវ ឆក់យកជីវិតមនុស្ស៣នាក់

សារព័ត៌មាន Reuters បានចេញផ្សាយថា ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់អឺរ៉ុបបានសម្រេចដាក់ឱ្យអ្នកដំណើរទាំងអស់នៅលើកប៉ាល់ទេសចរណ៍ MV Hondius ស្ថិតក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ជាវិធានការបង្ការទុកជាមុន។ ការសម្រេចនេះធ្វើឡើងមុនពេលកប៉ាល់គ្រោងនឹងចូលចតនៅកោះ Tenerife ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

កប៉ាល់ទេសចរណ៍ MV Hondius

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង (ECDC) បានឱ្យដឹងថា អ្នកដំណើរដែលមិនមានរោគសញ្ញានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍វិញតាមរយៈជើងហោះហើរពិសេសដែលរៀបចំដោយប្រទេសនីមួយៗ។ ECDC បានគូសបញ្ជាក់ថា៖ «បើទោះជាបានចុះពីកប៉ាល់ក៏ដោយ អ្នកដំណើរទាំងអស់នឹងត្រូវបានចាត់ទុកជាក្រុមមនុស្សមានហានិភ័យខ្ពស់នៃការឆ្លង តែមិនមែនមានន័យថាពួកគេទាំងអស់គ្នានឹងត្រូវបានចាត់ទុកដូច្នេះនៅពេលត្រឡប់ទៅប្រទេសរបស់ពួកគេវិញនោះទេ»។

បណ្ដាប្រទេសជាច្រើនបានរៀបចំជើងហោះហើរជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកប៉ាល់ MV Hondius បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាមនុស្ស៨នាក់បានធ្លាក់ខ្លួនឈឺ ក្នុងនោះមាន៣នាក់បានស្លាប់ រួមមានប្ដីប្រពន្ធជនជាតិហូឡង់មួយគូ និងពលរដ្ឋអាល្លឺម៉ង់ម្នាក់ទៀត។ ក្នុងចំណោមអ្នកជំងឺទាំង៨នាក់ មាន៦នាក់ត្រូវបានបញ្ជាក់ថាឆ្លងមេរោគ Hantavirus និង២ករណីទៀតជាករណីសង្ស័យ។

វិធានការណ៍សុខាភិបាល

គួរបញ្ជាក់ថា Hantavirus គឺជាមេរោគដែលចម្លងជំងឺតាមរយៈពពួកសត្វកកេរ ជាពិសេសសត្វកណ្ដុរ ហើយក្នុងករណីកម្រខ្លះវាអាចចម្លងពីមនុស្សទៅមនុស្សផងដែរ។ ទោះជាយ៉ាងណា WHO បានឱ្យដឹងថា ហានិភ័យនៃការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះមានកម្រិតទាបនៅឡើយ ប៉ុន្តែការរក្សាអនាម័យ និងលាងដៃជាមួយសាប៊ូជាប្រចាំ គឺជាវិធានការបង្ការដ៏ប្រសើរបំផុត៕

ដោយ៖ ធីរីណា

រូបថត៖ Reuters

administrator

Related Articles