ប្រតិបត្តិការទ្រង់ទ្រាយធំ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៥៥នាក់

ប្រតិបត្តិការទ្រង់ទ្រាយធំ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៥៥នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចសណ្ឋាគារ ប៊ីផ្លិស អគារលេខ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា កាលពីវេលារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិឥណ្ឌូនេស៊ី ចំនួន ៥៥នាក់ និងបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើនរួមមាន៖ ទូរស័ព្ទដៃចំនួន ២៨០គ្រឿង, Laptop ០៨គ្រឿង, លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ច្បាប់ និងរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CC-3190។

ឃាត់ខ្លួនជនសង្ស័យ

ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ក្រោមរូបភាពលួងលោមអូសទាញបែបស្នេហា (Romance Scams) ដែលមានជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បច្ចុប្បន្ន ជនសង្ស័យទាំង ៥៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់៕

អត្ថបទ៖ សុភា

administrator

Related Articles