ឆក់ទូរស័ព្ទកីឡាករបរទេស រត់គេចបានតែ២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ឆក់ទូរស័ព្ទកីឡាករបរទេស រត់គេចបានតែ២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iPhone 15 Pro Max ពីកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ ហើយគេចខ្លួនបានតែ២ថ្ងៃប៉ុណ្ណោះ។

ឃាត់ខ្លួនជនសង្ស័យ

ជនសង្ស័យទាំងពីររួមមាន៖ ឈ្មោះ ហួត ចាន់ដារ៉ាពេជ្រ អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងឈ្មោះ អ៊ុត ដាវ៉ាន់ អាយុ១៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ដោយពួកគេមានផ្ទុកសារធាតុញៀនផងដែរ។

វត្ថុតាង

ជនរងគ្រោះឈ្មោះ FABIO ANDRE MOREIRA MARTINS អាយុ៣៣ឆ្នាំ ជនជាតិព័រទុយហ្គាល់ ជាកីឡាករបាល់ទាត់ ស្នាក់នៅខណ្ឌសែនសុខ។ តាមរបាយការណ៍នគរបាល កាលពីថ្ងៃទី៦ ឧសភា ២០២៦ វេលាម៉ោងប្រហែល ០៩:៥០ នាទី ជនរងគ្រោះកំពុងជិះម៉ូតូកង់បីចេញពីខុនដូទៅសារមន្ទីរទួលស្លែង ពេលមកដល់មុខតារាងបាល់ទាត់«ប្លូស្ពត» ស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានឆក់យកទូរស័ព្ទដៃរបស់គាត់រួចគេចខ្លួនបាត់។

ជនសង្ស័យនិងវត្ថុតាង

ក្រោយពេលទទួលពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានកាលពីថ្ងៃទី៨ ឧសភា ២០២៦ នៅតាមដងផ្លូវម្តុំផ្សារ៧មករា ខណ្ឌទួលគោក។ សមត្ថកិច្ចក៏បានដកហូតម៉ូតូម៉ាកសេរ ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LD-4927 និងមួកសុវត្ថិភាពមួយពីជនសង្ស័យ។

ការឃាត់ខ្លួន

ទោះជាយ៉ាងណា ទូរស័ព្ទរបស់ជនរងគ្រោះសមត្ថកិច្ចពុំទាន់ដកហូតបាននៅឡើយ ដោយជនសង្ស័យបានឲ្យបក្សពួកម្នាក់ទៀតយកទៅលក់ចែកគ្នារួច។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles