ខេត្តស្វាយរៀង៖ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានវាយលុកបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ០១នាក់ និងជនជាតិវៀតណាម ០២នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខណៈកំពុងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្តដឹកស៊ីឈ្នួលមួយគ្រឿងដែលកំពុងដឹកជញ្ជូនគ្រឿងញៀន។

ជនសង្ស័យជនជាតិខ្មែរដែលជាអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងបានឆ្លើយសារភាព ដោយផ្តល់ព័ត៌មានឈានទៅដល់ការឃាត់ខ្លួនបក្ខពួកចាំទទួលគ្រឿងញៀនចំនួន ០២នាក់ទៀត ដែលសុទ្ធតែជាជនជាតិវៀតណាម។

វត្ថុតាងដកហូតបានរួមមាន៖
- គ្រឿងញៀនចំនួន ១២៦២,២៨ ក្រាម (១គីឡូ ២៦២,២៨ ក្រាម)
- រថយន្ត ០១ គ្រឿង
- ទូរសព្ទ ០៣ គ្រឿង
- សម្ភារប្រើប្រាស់មួយចំនួនទៀត

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទដោយ៖ វ៉ាន់ ប៊ុនធឿន | កែសម្រួលដោយ៖ សារ៉ា ចន្ទ
