ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយរបាយការណ៍មួយបង្ហើបឱ្យដឹងថា អ៊ីស្រាអែលបានសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ដាច់ស្រយាលក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់។

តាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal (WSJ) ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីដែលបានដឹងពីមូលដ្ឋានទ័ពសម្ងាត់នេះ រួមទាំងមន្ត្រីអាមេរិកផងដែរ បានឱ្យដឹងថា អ៊ីស្រាអែលបានសង់មូលដ្ឋានទ័ពនេះសម្រាប់កងទ័ពពិសេស និងប្រើប្រាស់ជាមជ្ឈមណ្ឌលភស្តុភារ ដើម្បីសម្រួលដល់ការវាយប្រហារតាមផ្លូវអាកាស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។
លើសពីនេះ WSJ បានរាយការណ៍ថា មូលដ្ឋានទ័ពនេះក៏ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះអ្នកបើកយន្តហោះអ៊ីស្រាអែល ក្នុងករណីដែលយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់ផងដែរ។

ទោះជាយ៉ាងណា Reuters មិនទាន់អាចធ្វើការផ្ទៀងផ្ទាត់របាយការណ៍របស់ WSJ ដោយឯករាជ្យនៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែរ។ មូលដ្ឋានទ័ពសម្ងាត់នេះស្ទើរតែត្រូវបានទម្លាយឱ្យដឹងកាលពីដើមខែមីនា ក្រោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់បានរាយការណ៍ពីសកម្មភាពយោធាខុសធម្មតា រួមទាំងវត្តមានឧទ្ធម្ភាគចក្រក្នុងតំបន់នោះ។

ក្រោយផ្ទុះព័ត៌មាននេះ កងទ័ពអ៊ីរ៉ាក់ត្រូវបានបញ្ជូនឱ្យទៅបើកការស៊ើបអង្កេត ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស ដើម្បីរារាំងមិនឱ្យកងទ័ពអ៊ីរ៉ាក់ចូលទៅជិតមូលដ្ឋានទ័ពសម្ងាត់នោះឡើយ។ WSJ ក៏បានលើកឡើងពីពាក្យបណ្ដឹងមួយដាក់ជូនអង្គការសហប្រជាជាតិកាលពីចុងខែមីនា ដែលក្នុងនោះអ៊ីរ៉ាក់បានចោទប្រកាន់ពីការវាយប្រហាររបស់កងកម្លាំងបរទេស និងការវាយប្រហារតាមផ្លូវអាកាសដែលសហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានប្រាប់ WSJ ថា សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការវាយប្រហារនោះទេ។
