ទីក្រុងបាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៨ខែ។

មហាសេដ្ឋីវ័យ ៧៦ឆ្នាំរូបនេះ បានដើរចេញពីពន្ធនាគារ ខ្លងប្រេម នៅវេលាម៉ោងប្រហែល ៧:៤០ព្រឹក (ម៉ោងក្នុងស្រុក) ដោយទទួលបានការស្វាគមន៍ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ព្រមទាំងអ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ។
គួររំលឹកថា លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ ដើម្បីអនុវត្តទោសជាប់ពន្ធនាគារសរុប ៨ឆ្នាំ លើបទចោទប្រកាន់ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភអំណាច អំឡុងពេលកាន់តំណែងពីឆ្នាំ ២០០១ ដល់ ២០០៦។ ក្រោយមក ព្រះមហាក្សត្រថៃបានសម្រាលទោសមកត្រឹម ១ឆ្នាំ។
ទោះយ៉ាងណាក៏ដោយ លោកបានជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់មកបានចំណាយពេល ៦ខែ នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យដោយសារបញ្ហាសុខភាព។ នៅខែកញ្ញា ឆ្នាំ ២០២៥ លោកត្រូវបានបង្គាប់ឱ្យចូលខ្លួនបំពេញទោសនៅក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា ការស្នាក់នៅមន្ទីរពេទ្យប៉ូលិសកាលពីមុនគឺជាទង្វើខុសច្បាប់។
បើទោះជាត្រូវបានដោះលែងមុនកំណត់ក៏ពិតមែន ប៉ុន្តែលោក ថាក់ស៊ីន ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិចនៅនឹងកជើង (Electronic Ankle Monitor) អំឡុងពេលសាកល្បងរយៈពេល ៤ខែ៕
