ស្ថាពរហើយ! ប្រាសាទបក្សីចាំក្រុង វិលមកបង្អួតសម្រស់វិញ ក្រោយការសង្គ្រោះបន្ទាន់ជាង៧ខែ

ស្ថាពរហើយ! ប្រាសាទបក្សីចាំក្រុង វិលមកបង្អួតសម្រស់វិញ ក្រោយការសង្គ្រោះបន្ទាន់ជាង៧ខែ

ខេត្តសៀមរាប៖ ក្រោយឆ្លងកាត់គម្រោងសង្គ្រោះបន្ទាន់រយៈពេលជាង៧ខែ ប្រាសាទបក្សីចាំក្រុង ដែលជាប្រាសាទស្កឹមស្កៃអាយុកាលជាង១០០០ឆ្នាំ ក្នុងតំបន់រមណីយដ្ឋានអង្គរ បានវិលត្រឡប់មកបង្អួតសម្រស់យ៉ាងស្រស់ស្អាតវិញហើយ។

ប្រាសាទបក្សីចាំក្រុង

អាជ្ញាធរជាតិអប្សរាបានប្រកាសថា ការងារទល់ទ្រ និងជួសជុលពង្រឹងឡើងវិញទាំងស្រុងនៃប្រាសាទនេះ បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៩ ខែឧសភា។

ការជួសជុលប្រាសាទ

លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងារបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ ដោយរំពឹងថាប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅមុខរាប់រយឆ្នាំទៀត។

ក្រុមអ្នកជំនាញ

ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូល ដោយសារឥដ្ឋពុកផុយ និងមានថ្មជ្រុះធ្លាក់ចំនួន២លើកកាលពីរដូវវស្សាឆ្នាំទៅមិញ ព្រមទាំង ផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ក្រុមអ្នកជំនាញបានដោះស្រាយដោយការទល់ទ្រ ដកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី និងរៀបបំពេញតាមរចនាសម្ពន្ធដើម ព្រមទាំងបិទបាយអពង្រឹងបន្ថែម។

កំពូលប្រាសាទ

ក្រៅពីការជួសជុលដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារក៏បាន លុបរណ្តៅដី នៅច្រកខាងមុខប្រាសាទ ដែលជារណ្តៅកំណាយសម័យបារាំងអំឡុងឆ្នាំ១៩៥១ ដើម្បីការពារគ្រឹះ និងលើកសោភ័ណភាពបរិវេណប្រាសាទ។ ចំណែករន្ទាវិញ ក្រុមការងារនៅរក្សាមួយរយៈសិន ដើម្បីតាមដានពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ។

ទេសភាពប្រាសាទ

លោក ពុទ្ធ សុទ្ធ បានបង្ហាញមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាអ្នកជំនាញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុលប្រាសាទដែលមានខឿន៤ជាន់ កម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគជ័យ។ លោកមានសុទិដ្ឋិនិយមថា ប្រាសាទនេះនឹងឈររឹងមាំ ស្កឹមស្កៃ យូរអង្វែង សម្រាប់បង្អួតភ្ញៀវទេសចរ និងសម្រាប់កូនខ្មែរជំនាន់ក្រោយ។

ទិដ្ឋភាពប្រាសាទ

អ្នកជំនាញរូបនេះរំពឹងថា នឹងមានគម្រោងជួសជុលដំណាក់កាលបន្ទាប់ទៀត ព្រោះចំណុចខ្លះដូចជា ខឿន ជណ្តើរ និងកំពែងជុំវិញ ក៏ត្រូវការការជួសជុល និងលើកតម្លៃឡើងវិញផងដែរ។

ជណ្តើរប្រាសាទ

ព័ត៌មានលម្អិត

រូបភាពប្រាសាទ

សូមជម្រាបថា គម្រោងទល់ទ្រ និងពង្រឹងបន្ទាន់ប្រាសាទបក្សីចាំក្រុង ធ្វើឡើងពីខែតុលា ឆ្នាំ២០២៥ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៦។ ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ កម្ពស់សរុប ២៩,២០ម៉ែត្រ និងអាយុកាលជាង ១,០០០ឆ្នាំ។

អត្ថបទ៖ នាង សំណាង

administrator

Related Articles