កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌដង្កោ បានចុះអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ អំពីក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ។

កាលពីវេលាម៉ោង ០៣និង០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើងថា ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សាទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត។

