ខេត្តបន្ទាយមានជ័យ៖ កើតឡើងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈរថយន្តដឹកខ្សាច់បានបុកសំយ៉ាបផ្ទះអ្នកស្រុក និងក្រឡាប់ផ្ងារជើង តែសំណាងល្អគ្មានជនរងគ្រោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ភូមិបឹងប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានឱ្យដឹងថា រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកខ្សាច់ពេញមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងមកជើង ដោយមានល្បឿនលឿន។ លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែបុកសំយ៉ាបផ្ទះមួយខ្នង បណ្តាលឱ្យបាក់ស្រុត និងរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ចាក់ខ្សាច់រាយពាសពេញចិញចើមផ្លូវ។ តែសំណាងល្អគ្មានអ្នករងរបួសទេ។

ប្រភពដដែលបានបញ្ជាក់ថា កម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពីអ្នកបើកបរងងុយដេក ទើបពេលមកដល់ផ្លូវកោងក៏បុកសំយ៉ាបផ្ទះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ កាប៊ីនរថយន្ត និងខូចខាតផ្ទះប្រជាពលរដ្ឋ។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានយករថយន្តបង្កគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក។
