លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ឧសភា បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ១៦នាក់ ភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត។

ជនត្រូវចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ មេសា ក្នុងប្រតិបត្តិការបង្ក្រាបនៅកាស៊ីណូក្រោន និងសណ្ឋាគារឡុងឡៃលី។ ពួកគេត្រូវបានចោទប្រកាន់ពីបទសមគំនិតឆបោកតាមបច្ចេកវិទ្យាជាក្រុម និងផ្តល់ជំនួយដល់ចារី ចាប់ពីខែកក្កដា ២០២៥ ដល់បច្ចុប្បន្ន។
ក្រុមជនសង្ស័យបានប្រើតេឡេក្រាម ៣ក្រុម ដើម្បីតាមដានសមត្ថកិច្ច និងសម្របសម្រួលឲ្យឧក្រិដ្ឋជនរួចផុតពីការចាប់ខ្លួន។ ជនត្រូវចោទជាបុរសត្រូវបានបញ្ជូនទៅពន្ធនាគារ PJ ឯជនជាតិចិនភេទស្រីត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី២។
សូមរម្លឹកថា ច្បាប់ប្រឆាំងការឆបោកតាមបច្ចេកវិទ្យាត្រូវបានអនុម័តកាលពីថ្ងៃទី៦ មេសា ២០២៦ ជាមួយបទល្មើសព្រហ្មទណ្ឌថ្មី ៥ បទ ដែលពិន័យជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត និងពិន័យរហូតដល់ ១ ០០០លានរៀល។
