ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន ០៤ នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចម៉ូតូឆ្លងខេត្ត និងរាជធានីជាច្រើនលើក ត្រូវបាននគរបាលស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពួកគេគ្រោងចូលមកប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅវេលាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣០ យប់ នគរបាលស្រុកគងពិសី បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ចំណុចកញ្ចុះដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិភានសា ឃុំព្រះនិព្វាន ក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់បានភ្លាមៗ។

ជនសង្ស័យទាំង ០៤ នាក់រួមមាន៖ វ៉ាន់ ខុង អាយុ ៣៥ឆ្នាំ, ខុន សុធារី អាយុ ៣៨ឆ្នាំ, រិន អេ អាយុ ២៣ឆ្នាំ, និង ចាន់ ពៅ អាយុ ៣៤ឆ្នាំ ។ ក្រោយឃាត់ខ្លួន នគរបាលបានដកហូតវត្ថុតាងម៉ូតូចំនួន ០២ គ្រឿង (ម៉ាកវ៉េវ អត់ស្លាកលេខ និងហុងដាសេ១២៥ ស៊េរី២០១១) ព្រមទាំងឧបករណ៍កាច់ក និងឆ្កឹះសោរមួយចំនួនទៀត។
តាមការសារភាព ក្រុមជនសង្ស័យបានឆ្លើយថា ពួកគេពិតជាមានបំណងមកប៉ុនប៉ងលួចម៉ូតូ និងកាត់ខ្សែភ្លើងមែន។ លើសពីនេះ ជនសង្ស័យឈ្មោះ វ៉ាន់ ខុង និង រិន អេ បានសារភាពទៀតថា ពួកគេធ្លាប់លួចម៉ូតូនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល រហូតដល់ទៅ ៤លើក ក្នុងនោះលួចបានស្តុបពី ១គ្រឿង និងហុងដាសេ១២៥ ចំនួន ០៣គ្រឿង (លើកចុងក្រោយនៅថ្ងៃទី០៧ ឧសភា ម្តុំវត្តវិហារសួគ៌)។

បច្ចុប្បន្ន នគរបាលស្រុកគងពិសី បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
