ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗនេះ ក្នុងគោលដៅរារាំងលំហូរប្រេងរបស់អ៊ីរ៉ង់ដែលកំពុងឆ្ពោះទៅកាន់ប្រទេសចិន ដោយអនុវត្តទណ្ឌកម្មប្រឆាំងនឹងបុគ្គល៣នាក់ និងក្រុមហ៊ុនចំនួន៩។

ក្នុងចំណោមក្រុមហ៊ុនទាំង៩នោះ មាន៤មានមូលដ្ឋាននៅហុងកុង ៤ទៀតស្ថិតនៅអេមីរ៉ាតអារ៉ាប់រួម និងមួយទៀតស្ថិតនៅអូម៉ង់ ដោយត្រូវបានចោទប្រកាន់ថាបានសម្របសម្រួលការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ទីក្រុងប៉េកាំង។ នេះជាសកម្មភាពបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុនបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការទិញអាវុធ និងគ្រឿងបន្លាស់សម្រាប់ផលិតដ្រូន និងមីស៊ីលបាលិស្ទីករបស់អ៊ីរ៉ង់។

ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ តាមការរំពឹងទុក លោក ត្រាំ នឹងជំរុញឱ្យមេដឹកនាំចិនជួយសម្រួលក្នុងការដោះស្រាយភាពជាប់គាំងក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ និងជំរុញឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នឹងបន្តបង្កើនសម្ពាធលើទីក្រុងតេហេរ៉ង់ ដើម្បីកាត់ផ្ដាច់ប្រភពចំណូលរបស់អ៊ីរ៉ង់ កុំឱ្យយកទៅប្រើប្រាស់ក្នុងការផលិតអាវុធ កម្មវិធីនុយក្លេអ៊ែរ និងការគាំទ្រដល់ក្រុមប្រូកស៊ី (proxy) នៅក្នុងតំបន់។
