តម្លៃប្រេងពិភពលោកបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីកើនឡើងរយៈពេលបីវគ្គជាប់ៗគ្នា ខណៈអ្នកវិនិយោគកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ជុំវិញបទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្រ្គាមអ៊ីរ៉ង់ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតី Xi Jinping។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៨២ សេន (០.៧៦%%) មកនៅត្រឹម ១០៦.៩៥ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៦៦ សេន (០.៦៥%%) មកនៅ ១០១.៥២ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរប្រភេទនេះ ភាគច្រើនបានស្ថិតនៅជុំវិញ ឬលើស ១០០ ដុល្លារ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ហើយទីក្រុង Tehran បានបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព។
កាលពីថ្ងៃអង្គារ តម្លៃប្រេងបានកើនឡើងជាង ៣%% ខណៈក្តីសង្ឃឹមចំពោះបទឈប់បាញ់យូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះ ដែលធ្វើឱ្យឱកាសបើកឡើងវិញនៃច្រកសមុទ្រ Hormuz កាន់តែស្រអាប់។ ច្រកសមុទ្រនេះ ជាផ្លូវដឹកជញ្ជូនប្រហែល ១ ភាគ ៥ នៃប្រេង និងឧស្ម័ន LNG ពិភពលោក។

លោក Trump បានថ្លែងកាលពីថ្ងៃអង្គារថា លោកមិនគិតថាត្រូវការជំនួយពីប្រទេសចិនដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ បើទោះបីជាក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងបានធ្លាក់ចុះ ហើយទីក្រុងតេអេរ៉ង់បានរឹតបន្តឹងការក្តាប់របស់ខ្លួននៅលើច្រកសមុទ្រ។ គួរបញ្ជាក់ថា ចិនជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ ទោះបីមានសម្ពាធពីរដ្ឋបាល Trump ក៏ដោយ។
ក្រុមហ៊ុនវិភាគហានិភ័យនយោបាយ Eurasia Group បានព្យាករថា រយៈពេលនៃការរំខាន និងទំហំការខាតបង់ផ្គត់ផ្គង់ដែលលើសពី ១ ពាន់លានបារ៉ែលហើយនោះ នឹងធ្វើឱ្យតម្លៃប្រេងអាចនៅលើស ៨០ ដុល្លារក្នុងមួយបារ៉ែលសម្រាប់ពេលនៅសល់នៃឆ្នាំនេះ។ សង្គ្រាមក៏បានចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ដោយតម្លៃប្រេងខ្ពស់ធ្វើឱ្យអតិផរណាកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ៣ ឆ្នាំ។

ក្រុមហ៊ុនស្រាវជ្រាវ Capital Economics បានព្រមានថា ការកើនឡើងយ៉ាងខ្លាំងនៃអតិផរណាក្នុងប្រទេសអភិវឌ្ឍន៍ បើទោះជាមិនទាន់ធ្វើឱ្យការចំណាយពិតប្រាកដធ្លាក់ចុះខ្លាំងនៅឡើយ ប៉ុន្តែការធ្លាក់ចុះទូលំទូលាយនៃទំនុកចិត្តអ្នកប្រើប្រាស់ និងផែនការជួលបុគ្គលិក បង្ហាញថាស្ថានភាពអាក្រក់អាចនឹងមកដល់។ អត្រាការប្រាក់ខ្ពស់ធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ ដែលអាចប៉ះពាល់ដល់តម្រូវការប្រេង។ ខណៈសង្រ្គាមអ៊ីរ៉ង់នៅតែបន្ត ស្តុកប្រេងឆៅអាមេរិកបានធ្លាក់ចុះសប្ដាហ៍ទី ៤ ជាប់គ្នា។
