ភ្ញាក់ផ្អើល! រុស្ស៊ីបាញ់សាកល្បងមីស៊ីល Sarmat ថ្មី ហោះបានជាង ៣ម៉ឺនគីឡូម៉ែត្រ ពូទីនថាខ្លាំងជាងគេលើលោក

ភ្ញាក់ផ្អើល! រុស្ស៊ីបាញ់សាកល្បងមីស៊ីល Sarmat ថ្មី ហោះបានជាង ៣ម៉ឺនគីឡូម៉ែត្រ ពូទីនថាខ្លាំងជាងគេលើលោក

ទីក្រុងមូស្គូ៖ រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ កាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ ការសាកល្បងនេះត្រូវបានស្វាគមន៍ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប៉ុន្មានថ្ងៃបន្ទាប់ពីលោកអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។

លោក ពូទីន បានថ្លែងថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងដាក់ឱ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ពីសម័យសហភាពសូវៀត។ លោកប្រកាសយ៉ាងម៉ឺងម៉ាត់ថា Sarmat គឺជាមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ដោយថាមពលក្បាលគ្រាប់នុយក្លេអ៊ែររបស់វាខ្ពស់ជាងសមភាគីលោកខាងលិចជាងបួនដង។

គួរបញ្ជាក់ថា មីស៊ីល Sarmat ត្រូវបានគេសន្មតថានឹងជំនួសមីស៊ីល Voyevoda ជាង ៤០គ្រាប់។ លោក ពូទីន លើកឡើងថា Sarmat ជាផ្នែកមួយនៃអាវុធថ្មីៗជាច្រើនដែលបង្ហាញកាលពីឆ្នាំ ២០១៨ ដោយអះអាងថា វានឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមិនអាចធ្វើអ្វីបាន។ វាមានថាមពលខ្លាំងដូច Voyevoda ប៉ុន្តែមានភាពជាក់លាក់ខ្ពស់ជាង។

មីស៊ីល Sarmat

មេដឹកនាំរុស្សីរូបនេះបានប្រើប្រាស់វោហាស័ព្ទព្រមានពីការប្រើប្រព័ន្ធនុយក្លេអ៊ែរម្តងហើយម្តងទៀត បន្ទាប់ពីបញ្ជូនកងទ័ពចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីរារាំងលោកខាងលិចពីការបង្កើនការគាំទ្រដល់ក្រុងកៀវ។

លោក ពូទីន បន្តថា Sarmat មានសមត្ថភាពហោះហើរក្រោមគន្លងចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ និងមានសមត្ថភាពពង្រីកដើម្បីទម្លុះប្រព័ន្ធការពារមីស៊ីលណាមួយ។ នេះបើយោងតាមសារព័ត៌មាន NBC ផ្សាយថ្ងៃទី ១៣ ឧសភា ២០២៦។

administrator

Related Articles