ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏ស្ថានការណ៍នៅលីបង់នៅតែបង្ហូរឈាម ជាពិសេសចំពោះកុមារដែលជាជនរងគ្រោះដ៏ធំបំផុត។
![]()
របាយការណ៍ថ្មីពីមូលនិធិសង្គ្រោះកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលចុះផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ កុមារយ៉ាងហោចណាស់ ៥៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។ តួលេខនេះបានបន្ថែមទៅលើចំនួនអ្នករងគ្រោះសរុប ចាប់តាំងពីការផ្ទុះជម្លោះកាលពីថ្ងៃទី២ ខែមីនា ដោយកុមាររហូតដល់ ២០០នាក់បានស្លាប់ និង ៨០៦នាក់ទៀតបានរងរបួស។
កាលពីថ្ងៃពុធ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងកណ្តាលលីបង់ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៣នាក់ ក្នុងនោះមានស្ត្រី និងកុមារជាច្រើននាក់ផងដែរ។
![]()
លោក Edouard Beigbeder នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ UNICEF បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងថា «កុមារកំពុងត្រូវគេសម្លាប់ និងបង្កឱ្យរងរបួស ក្នុងពេលដែលពួកគេគួរតែបានត្រឡប់ទៅសាលារៀន លេងជាមួយមិត្តភក្តិ និងជាសះស្បើយពីការភ័យខ្លាច»។
ក្រៅពីរបួសស្នាម និងការបាត់បង់ជីវិត UNICEF ព្រមានថា កុមារប្រមាណ ៧៧០ ០០០នាក់នៅទូទាំងលីបង់ កំពុងរស់នៅក្នុងស្ថានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ដោយសារអំពើហិង្សា ការផ្លាស់ទីលំនៅ និងការបាត់បង់មនុស្សជាទីស្រឡាញ់ ដែលនាំឱ្យមានរោគសញ្ញាដូចជា ការភ័យខ្លាចខ្លាំង ថប់បារម្ភ យល់សប្តិអាក្រក់ ដេកមិនលក់ និងអស់សង្ឃឹម។
![]()
ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមក៏ដោយ ក៏ការវាយប្រហារជាបន្តបន្ទាប់នៅតែធ្វើឱ្យកិច្ចព្រមព្រៀងនេះស្ថិតក្នុងសភាពផុយស្រួយ។ អង្គការជំនួយអន្តរជាតិនានាបានរាយការណ៍ថា ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបានធ្វើឱ្យលំនៅដ្ឋានជាច្រើនមិនអាចរស់នៅបាន ហើយការវិលត្រឡប់របស់ប្រជាពលរដ្ឋទៅកាន់ភូមិកំណើតវិញ កាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុត៕
