ព្រឹត្តិការណ៍មួយដែលធ្វើឱ្យអ្នកនយោបាយនិងអ្នកសារព័ត៌មានភ្ញាក់ផ្អើលបានកើតឡើង កាលពីពេលថ្មីៗនេះ នៅក្នុងវិមានប្រជាជនទីក្រុងប៉េកាំង។ លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មដល់ទៅពីរលើក បានបង្ហាញខ្លួនអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបកំពូលជាមួយមេដឹកនាំចិន។
![]()
សំណួរដែលគ្រប់គ្នាចោទសួរគឺ៖ តើហេតុអ្វីបានជាលោក រូប៊ីយ៉ូ ដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មចិន អាចដើរចូលទៅក្នុងទឹកដីចិនដោយគ្មានបញ្ហាអ្វី?
តាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ ខែឧសភា ភាគីចិនបានប្រើប្រាស់ «ល្បិចបច្ចេកទេស» ដ៏ឆ្លាតវៃមួយ។ ពោលគឺ ចិនបានប្តូរអក្ខរាវិរុទ្ធឈ្មោះរបស់លោក រូប៊ីយ៉ូ ជាភាសាចិននៅក្នុងឯកសារផ្លូវការ ពី Lubi ao (ដែលមានក្នុងបញ្ជីទណ្ឌកម្ម) ទៅជា Lu biao (ឈ្មោះថ្មី) ដើម្បីជម្នះឧបសគ្គផ្លូវច្បាប់ដែលខ្លួនបានបង្កើតឡើង។
![]()
ការប្រើប្រាស់ល្បិចកលតាមបែបការទូតបែបនេះ បានឆ្លុះបញ្ចាំងថា ទោះបីមានភាពតានតឹងយ៉ាងណាក៏ដោយ ក៏ទាំងអាមេរិក និងចិន នៅតែមានឆន្ទៈរំលងបញ្ហាផ្ទាល់ខ្លួន ដើម្បីផ្តោតលើកិច្ចពិភាក្សាសកលសំខាន់ៗ ដូចជា សេដ្ឋកិច្ច និងសន្តិសុខ។ នេះជាភស្តុតាងដែលបង្ហាញថា ផលប្រយោជន៍ជាតិតែងតែធំជាងការប្រកាន់ខ្ជាប់នូវបញ្ជីទណ្ឌកម្មចាស់ៗ។
