ស្ថានភាពនៅប្រទេសគុយបាកំពុងធ្លាក់ចូលក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុត បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានប្រកាសកាលពីថ្ងៃពុធ ទី១៣ ខែឧសភា ថាប្រទេសនេះបានអស់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈសម្រាប់ផលិតអគ្គិសនីទាំងស្រុងហើយ។

វិធានការរឹតត្បិតពីសំណាក់សហរដ្ឋអាមេរិកបានធ្វើឱ្យការដឹកជញ្ជូនប្រេងចូលទៅកាន់កោះនេះត្រូវកាត់ផ្តាច់ ដែលបណ្តាលឱ្យទីក្រុងឡាហាវ៉ានកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីដ៏អាក្រក់បំផុតក្នុងរយៈពេលរាប់ទសវត្សរ៍។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters លោក Vicente de la O រដ្ឋមន្ត្រីក្រសួងថាមពល បានថ្លែងដោយក្តីបារម្ភថា គុយបាមិនមានប្រេងឥន្ធនៈ ឬប្រេងម៉ាស៊ូតសូម្បីតែមួយតំណក់ក្នុងស្តុកនោះទេ។ លោកបញ្ជាក់ថា បណ្តាញអគ្គិសនីជាតិកំពុងស្ថិតក្នុងសភាពវិបត្តិខ្លាំង ដោយគ្មានទុនបម្រុងអ្វីទាំងអស់។ ក្នុងសប្តាហ៍នេះ ប្រជាពលរដ្ឋនៅឡាហាវ៉ានត្រូវរស់នៅក្នុងទីងងឹតស្ទើរតែទាំងស្រុង ដោយបណ្តាខណ្ឌមួយចំនួនដាច់ចរន្តអគ្គិសនីរហូតដល់ ២០-២២ម៉ោងក្នុងមួយថ្ងៃ។
បច្ចុប្បន្ន បណ្តាញអគ្គិសនីជាតិគុយបាត្រូវពឹងផ្អែកទាំងស្រុងលើប្រេងឆៅក្នុងស្រុក ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ។ ទោះបីគុយបាបានដំឡើងសមត្ថភាពថាមពលពន្លឺព្រះអាទិត្យបាន ១,៣០០មេហ្គាវ៉ាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយក៏ដោយ ក៏ភាពមិនស្ថិតស្ថេរដោយសារកង្វះប្រេងឥន្ធនៈបានធ្វើឱ្យប្រសិទ្ធភាពផលិតថាមពលធ្លាក់ចុះយ៉ាងខ្លាំង។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលគុយបានៅតែបន្តស្វែងរកដៃគូនាំចូលប្រេង ដ្បិតជួបឧបសគ្គពីការបិទខ្ទប់របស់អាមេរិក។ តម្លៃប្រេង និងតម្លៃដឹកជញ្ជូនលើទីផ្សារពិភពលោកកំពុងកើនឡើង ដោយសារជម្លោះអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនេះស្មុគស្មាញ។ ប្រទេសដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងសំខាន់ឱ្យគុយបា ដូចជាម៉ិកស៊ិក និងវ៉េណេស៊ុយអេឡា បានបញ្ឈប់ការដឹកជញ្ជូនប្រេងទាំងស្រុង ចាប់តាំងពីលោក ដូណាល់ ត្រាំ ចេញបទបញ្ជាប្រតិបត្តិក្នុងខែមករា ឆ្នាំ២០២៦ ព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលហ៊ានដឹកជញ្ជូនប្រេងទៅកាន់គុយបា។
គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន មានតែនាវាដឹកប្រេងមួយគ្រឿងប៉ុណ្ណោះដែលបានមកដល់គុយបាក្នុងខែមេសា ដែលជួយសម្រាលការលំបាកបានតែមួយពេលខ្លីប៉ុណ្ណោះ។ ការដាច់ចរន្តអគ្គិសនីនេះកំពុងប៉ះពាល់ដល់សេវាសាធារណៈទូទាំងកោះ ដែលមានប្រជាជនជិត ១០លាននាក់។ អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនបានថ្កោលទោសចំពោះការបិទខ្ទប់ប្រេងឥន្ធនៈរបស់លោកត្រាំ ដោយចាត់ទុកថាជាសកម្មភាពខុសច្បាប់ ដែលរារាំងសិទ្ធិរបស់ប្រជាជនគុយបាក្នុងការអភិវឌ្ឍ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិទទួលបានអាហារ ការអប់រំ សុខភាព និងអនាម័យ៕

