រដ្ឋាភិបាលនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានលើកឡើងថា លោកបានធ្វើ «ដំណើរទស្សនកិច្ចសម្ងាត់» ទៅកាន់ប្រទេសក្នុងតំបន់ឈូងសមុទ្រមួយនេះ ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។
តាមការផ្សាយរបស់ Al Jazeera ដោយយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា អេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល គឺធ្វើឡើងដោយបើកចំហ ក្រោមក្របខ័ណ្ឌនៃ «កិច្ចព្រមព្រៀង Abraham» ដែលមានការទទួលស្គាល់ជាសាធារណៈ។
សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទាំងនេះ មិនមែនផ្អែកលើការលាក់បាំង ឬការរៀបចំអ្វីដែលជាសម្ងាត់នោះឡើយ។ ហេតុដូច្នេះហើយ រាល់ការអះអាងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច ឬកិច្ចព្រមព្រៀងដែលមិនបានបង្ហាញជាសាធារណៈ គឺសុទ្ធតែជាការមិនពិត។
ប្រតិកម្មនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបង្ហោះនៅលើបណ្តាញសង្គម ដោយអះអាងថា លោក ណេតាន់យ៉ាហ៊ូ បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan ក្នុងអំឡុងពេលទស្សនកិច្ចសម្ងាត់មួយ ដែលការិយាល័យលោកបានចាត់ទុកថាជា «របត់ប្រវត្តិសាស្ត្រ» នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជាមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក៏ដោយ។
ថ្វីដ្បិតមានការបដិសេធនេះ ក៏កិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ហាក់ដូចជាកំពុងពង្រីកកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យសន្តិសុខ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។ លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល បានថ្លែងក្នុងសប្តាហ៍នេះថា អ៊ីស្រាអែលបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Iron Dome និងបុគ្គលិករបស់ខ្លួនទៅកាន់ប្រទេសអារ៉ាប់រួម ដើម្បីជួយទប់ទល់នឹងការវាយប្រហារ ដែលអាចកើតមានពីសំណាក់អ៊ីរ៉ង់។
គួររំលឹកថា ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានចាប់ផ្តើមឡើងជាផ្លូវការ បន្ទាប់ពីការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀង Abraham» កាលពីឆ្នាំ ២០២០ ដែលមានអាមេរិកជាអ្នកសម្របសម្រួល។ កិច្ចព្រមព្រៀងនេះ កាលនោះត្រូវបានមេដឹកនាំប៉ាឡេស្ទីនថ្កោលទោសថាជា «ការចាក់កាំបិតពីក្រោយខ្នង» ខណៈដែលស្ថានភាពក្នុងតំបន់បច្ចុប្បន្ន កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ពិសេសក្រោយការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់ហ្កាហ្សា និងបញ្ហានយោបាយផ្ទាល់ខ្លួនរបស់លោក ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម៕
