វិបត្តិនយោបាយផ្ទុះឡើងក្នុងប្រទេសឡេតូនី បន្ទាប់ពីនាយករដ្ឋមន្ត្រី Evika Silina បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី១៤ ខែឧសភា ដែលនាំឲ្យរដ្ឋាភិបាលចម្រុះដួលរលំ ត្រឹមតែប៉ុន្មានខែមុនការបោះឆ្នោតជាតិខែតុលា។
លោកស្រី Silina ដែលកាន់អំណាចតាំងពីឆ្នាំ២០២៣ បានថ្លែងតាមទូរទស្សន៍ថា៖ «ខ្ញុំលាលែងពីតំណែង ប៉ុន្តែខ្ញុំមិនបោះបង់ឡើយ»។

ការសម្រេចចិត្តនេះកើតឡើងក្រោយពេលរដ្ឋមន្ត្រីការពារជាតិ Andris Spruds ត្រូវបានដកហូតតំណែង ជុំវិញការដោះស្រាយបញ្ហាដ្រូនអ៊ុយក្រែនចំនួន២គ្រឿង ដែលត្រូវបានប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចរុស្ស៊ីបង្វែរទិសហោះចូលដែនអាកាសឡេតូនី ហើយធ្លាក់ចំដេប៉ូប្រេងក្បែរក្រុង Rezekne ចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។ ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងគ្រោះទេ។
លោកស្រី Silina បានស្តីបន្ទោសរដ្ឋមន្ត្រីការពារជាតិពីបរាជ័យក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូនទាន់ពេល និងបានថ្លែងថា «ការប្រកួតប្រជែងនយោបាយ និងផលប្រយោជន៍គណបក្សចង្អៀតចង្អល់» ជាឫសគល់នៃវិបត្តិនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha បានបញ្ជាក់ថា ដ្រូនទាំងនោះជារបស់អ៊ុយក្រែន ហើយការហោះវង្វេងចូលឡេតូនីគឺបណ្តាលមកពីប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី។ អ៊ុយក្រែនកំពុងពិចារណាបញ្ជូនអ្នកជំនាញទៅពង្រឹងសន្តិសុខអាកាសចរណ៍ដល់បណ្តាប្រទេសបាល់ទិក។
