មន្ទីរបញ្ចកោណអាមេរិកបានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានលុបចោលផែនការបញ្ជូនទ័ពចំនួន៤,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ។ ការសម្រេចចិត្តនេះបានកើតឡើងដោយគ្មានការជូនដំណឹងជាមុន សូម្បីតែសមាជិកសភាអាមេរិកផ្ទាល់ក៏មិនទាន់ទទួលបានព័ត៌មានជាផ្លូវការដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
![]()
ការលុបចោលផែនការនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកទើបតែប្រកាសដកទ័ពចំនួន៥,០០០នាក់ចេញពីអាល្លឺម៉ង់ កាលពីពីរសប្តាហ៍មុន។ ភាពតានតឹងនេះកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងលោក ដូណាល់ ត្រាំ និងបណ្តាប្រទេសអឺរ៉ុប ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់។ លោកត្រាំហាក់មានការខឹងសម្បារដែលសម្ព័ន្ធមិត្តអឺរ៉ុបមិនព្រមចូលរួមជួយអាមេរិកក្នុងសង្គ្រាមនេះ។
មន្ត្រីអាមេរិកបានបង្ហើបថា ការមិនបញ្ជូនទ័ពទៅប៉ូឡូញ អាចជាផ្នែកនៃយុទ្ធសាស្ត្រសម្រួលដល់ការដកទ័ពចេញពីអឺរ៉ុបបន្ថែមទៀត។ លោកត្រាំចង់ឱ្យអឺរ៉ុបទទួលខុសត្រូវលើការពារខ្លួនឯងឱ្យបានច្រើនជាងមុន។ ទោះយ៉ាងណា សភាអាមេរិកបានបង្កើតច្បាប់ការពារកុំឱ្យចំនួនទ័ពនៅអឺរ៉ុបធ្លាក់ក្រោម៧៦,០០០នាក់ ខណៈបច្ចុប្បន្នអាមេរិកមានទ័ពប្រមាណ៨៥,០០០នាក់នៅអឺរ៉ុប។
