វៀតណាម​ប្រកាស​ឱ្យ​ប្រជាជន និង​អាជីវកម្ម​សន្សំសំចៃអគ្គិសនី បន្ទាប់ពី​ការប្រើប្រាស់​ហក់ឡើង​ខ្ពស់កំណត់ត្រា

វៀតណាម​ប្រកាស​ឱ្យ​ប្រជាជន និង​អាជីវកម្ម​សន្សំសំចៃអគ្គិសនី បន្ទាប់ពី​ការប្រើប្រាស់​ហក់ឡើង​ខ្ពស់កំណត់ត្រា

រាជធានីហាណូយ៖ រដ្ឋាភិបាលវៀតណាមបានអំពាវនាវជាបន្ទាន់ដល់គ្រួសារ និងអាជីវកម្មទូទាំងប្រទេសឱ្យសន្សំសំចៃថាមពលអគ្គិសនី បន្ទាប់ពីការប្រើប្រាស់បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយថ្ងៃ ដោយសារតែរលកកម្ដៅដ៏ខ្លាំងកំពុងវាយប្រហារប្រទេសនេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនថាមពលរដ្ឋ EVN បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីនៅថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់ ១,១ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលជាកម្រិតប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។

អគ្គិសនីវៀតណាម

គួរបញ្ជាក់ថា ថាមពលដើរដោយធ្យូងថ្មបានរួមចំណែក ៥៣,៤% នៃផលិតកម្មអគ្គិសនីក្នុងអំឡុងពេលម៉ោងប្រើប្រាស់កំពូល ខណៈដែលរោងចក្រវារីអគ្គិសនីរួមចំណែក ២៦% ប៉ុណ្ណោះ។

រលកកម្ដៅវៀតណាម

រដ្ឋាភិបាលវៀតណាមបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រលកកម្ដៅដែលរំពឹងថានឹងវាយប្រហារវៀតណាមជាថ្មីនៅចុងខែឧសភានេះ នឹងដាក់សម្ពាធយ៉ាងខ្លាំងដល់បណ្តាញអគ្គិសនីរបស់ប្រទេស។

ប៉ុន្មានឆ្នាំកន្លងមក គ្រួសារ និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយរបស់អាស៊ីអាគ្នេយ៍ តែងតែរងគ្រោះដោយការដាច់ចរន្តអគ្គិសនីពេលមានរលកកម្ដៅ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសុខភាពប្រជាជន។

ការជំរុញឱ្យប្រជាជន និងអាជីវកម្មកាត់បន្ថយការប្រើប្រាស់អគ្គិសនីនាពេលនេះ ធ្វើឡើងចំពេលដែលវៀតណាម ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ កំពុងប្រឈមមុខនឹងវិបត្តិថាមពល ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ដែលបង្កការបិទច្រកហ័រមូហ្ស។

វិបត្តិថាមពលតំបន់អាស៊ី

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសហ្វីលីពីនក៏បានព្រមានអំពីការដាច់ចរន្តអគ្គិសនីរហូតដល់ ៧ ម៉ោង នៅទូទាំងបណ្តាញអគ្គិសនីសំខាន់ៗចំនួន ២ របស់ខ្លួន រួមមានតំបន់ Visayas និងកោះ Luzon ដោយសារតែរលកកម្ដៅដ៏ខ្លាំង និងការដាច់ប្រតិបត្តិការនៅរោងចក្រថាមពលជាច្រើនកន្លែង។

administrator

Related Articles